2024-08-29 04:08
111

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យបរិស្ថានរយៈពេល១ឆ្នាំ  និងពិធីជួបជុំគ្រួសារបរិស្ថានកាលពីរសៀល ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្តជំរុញ «ពន្លកបៃតង» តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើ និងការដាំដើមឈើឱ្យបានច្រើននៅឆ្នាំខាងមុខបន្តទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសជំរុញនៅឆ្នាំបន្តបន្ទាប់ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គាំទ្រដល់មន្ទីរបរិស្ថានទាំងអស់ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើ និងជំរុញការរៀបចំថ្នាលបណ្តុះកូនឈើ ខ្នាតតំបន់ នៅក្នុងខេត្តត្បូងឃ្មុំ, កំពង់ស្ពឺ, កោះកុង, សៀមរាប និងមណ្ឌលគិរី និងដើម្បីផលិតកូនឈើចែកជូនដល់សាធារណជន ដោយឥតគិតថ្លៃ សម្រាប់យកទៅដាំនៅតាមទីលំនៅដ្ឋាន ទីសាធារណៈ តំបន់សហគមន៍ និងតំបន់រេចរឹលក្នុងតំបន់ការពារធម្មជាតិ។ 

ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផ្លែត បានថ្លែងថា៖ «កន្លងមកនេះ ក្រសួងបរិស្ថាន បានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ បានជាង ១,៣ លានដើម ហើយជាបន្តក្រសួងបរិស្ថាននឹងបង្កើនការដាំដើមឈើ រួមទាំងដើមត្នោត ឱ្យបានច្រើនជាងការកាប់ ជារៀងរាល់ឆ្នាំ សំដៅសម្រេចបានគម្របព្រៃឈើ ៦០% នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា៖ «នៅឆ្នាំក្រោយបន្ទាប់ទៀត ក្រសួងបរិស្ថានគ្រោងរៀបចំទិវាបរិស្ថានជាតិ ដើម្បីជំរុញយុទ្ធនាការបណ្តុះគំនិត “ពន្លកបៃតង” រៀបចំពិព័រណ៍ចែកកូនឈើថ្នាក់ជាតិ បានធំជាងមុន និងបង្កើតការប្រកួតប្រជែងដាំដើមឈើ និងថែទាំដើមឈើដោយពលរដ្ឋឬសហគមន៍ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប (APP) ដែលអាចតាមដានការលូតលាស់ដើមឈើនីមួយៗ»៕