2024-08-29 04:08
112

ប៉ៃលិន៖ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាល ខេត្ត ប៉ៃលិន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បី ពិភាក្សា  និងសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅ របស់ ខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងអាជ្ញាធរនៃរដ្ឋបាលខេត្តប៉ៃលិន និងស្ថានទូតជប៉ុន ក៏ដូចជាប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ផងដែរ ។

នៅក្នុងជំនួបខាងលើនេះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមាន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូត ជប៉ុន ប្រចាំព្រះរាជាណា ចក្រ កម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដី ខេត្ត ប៉ៃលិន ព្រមទាំងបានជម្រាប ជូន អំពីស្ថានភាពភូមិសាស្រ្ត, ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និង សក្តានុពលរបស់ខេត្តប៉ៃលិនជាដើម ។                     លោកជំទាវ អភិបាលខេត្ត បានគូសបញ្ជាក់ថា៖ ជប៉ុន-កម្ពុជាគឺជាមិត្ដដ៏ជិតស្និទ្ធ, មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ នៃប្រទេស ទាំងពីរ ចំណងមិត្តភាពនេះ បានប្រែក្លាយទៅជាមិត្តភាព ដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការ រវាង គ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត ហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាលប្រទេសជប៉ុន និងប្រជាជនជប៉ុន កន្លងមកបានជួយឧត្ថម្ភគាំទ្រលើវិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា៖ ផ្លូវ ស្ពានសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម។

ជាការឆ្លើយតប ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើ ចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំងសន្យាថា នឹងខិតខំឱ្យ អស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាមប្រទេសជាមិត្តដ៏យូអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ៕