2024-08-30 03:08
117

បន្ទាយមានជ័យ៖    ចុងស្លាបមាន់បង្កក ចំនួន ២០០ កេស ស្មើនឹង ២.៤០០ គីឡូក្រាម ត្រូវបានក្រុមឈ្មួញដឹកតាមរថយន្ត ០១ គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញផ្នែកផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយ អគ្គនាយកដ្ឋានគយចល័តតំបន់៥ ចុះបង្ក្រាប នៅវេលាម៉ោង ១រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានយកទៅដុតកម្ទេចចោល។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឲ្យដឹងថា៖ ស្លាប់មាន់បង្កកដែលនាំចូលដោយខុសច្បាប់ពីប្រទេសថៃ ចំនួន ២០០ កេស ស្មើនឹង ២.៤០០ គីឡូក្រាម ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបនោះម្ចាស់ទំនិញមានឈ្មោះ ឈិន សុខាន់ បានឆ្លើយសារភាពថា ស្លាបមាន់បង្កកទាំងអស់នេះ ខ្លួនបានលួចនាំចូលពីប្រទេសថៃ បង្កប់ដឹកតាមរថយន្ត យាំយ៉ុង យកមកលក់ឲ្យឈ្មួញកណ្តា និងយកលក់ចែកចាយក្នុងផ្សារនានាក្នុងខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច បានបន្តថា៖ ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចចម្រុះ បានធ្វើការដកហូត វត្ថុតាងមានផលិតផលចុងស្លាបមាន់បង្កក ចំនួន ២០០កេះ គឺគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឡើយ ដោយការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពី សុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាតឡើយ ព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។ ក្រោយពីធ្វើកំណត់ហេតុ សមត្ថកិច្ចចម្រុះបានឲ្យម្ចាស់បំណែកសាច់បង្កកពីសត្វមាន់ ដែលឈ្មោះ ឈិន សុខាន់ ទទួលវត្ថុតាង និងធ្វើកិច្ចសន្យាបញ្ឈប់បន្តដឹកផលិតកម្មសត្វបង្កកដែលគ្មានគុណភាពបែបនេះបន្តទៀត និងផាកពិន័យអត្តរកាលទៅតាមច្បាប់កំណត់ផងដែរ។

បច្ចប្បន្ន ចំណែកផលិតផលសាច់មាន់បង្កកដែលរឹបអូសបាន ចំនួន ២០០ កេះ ស្មើនឹង ២.៤០០ គីឡូក្រាមនោះ ត្រូវបានដុតកំទេចចោលនៅចំណុចដីឡូតិ៍ ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕