2024-08-31 11:02
141

(កំពត)កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងកោតសរសើរ ចំពោះរដ្ឋបាលខេត្តកំពត បានខិតខំបង្កើតសមិទ្ធផលថ្មី នាឡិកាដ៏ធំ បន្ថែមពីរូបសំណាកសេះសមុទ្រ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក មកទស្សនានៅខេត្តកំពត ។

នាឡិកាខ្នាតធំ មានកម្ពស់ ៣៥ម៉ែត្រ មុខនាឡិកា មានទំហំអង្កត់ផ្ចិត ៩,៧០ម៉ែត្រ មានរេចនាបទបែបខ្មែរ បានសាងសង់ឡើង នៅទីតាំងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្ត ក្នុងខេត្តកំពត កាន់តែច្រើនឡើងបន្ថែមទៀត។

បើយោងតាមរយៈគេហទំព័ហ្វេសប៊ុកមួយបានបង្ហោះ នៅថ្ងៃទី៣០ ខែសីហាម្សិលមិញនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សមិទ្ធផលថ្មី នៅក្រុងកំពតបន្ទាប់ពីមានរូបសំណាកត្រីសេះសមុទ្រ ហើយនិងមានសមិទ្ធផលថ្មី  នាឡិកាដ៏ធំ មានកម្ពស់ខ្ពស់ជាងនៅកម្ពុជាមួយទៀត ដែលបានផ្តល់ភាពទាក់ទាញ និងលើកកម្ពស់វិស័យទេសចរណ៍នាខេត្តជាប់សមុទ្ររបស់យើង។

សូមបងប្អូន អុំ ពូ មីង តា យាយ រីករាយកម្សាន្ដជាមួយនឹងសមិទ្ធផលថ្មី ព្រមទាំងទីកន្លែងទេសចរណ៍ជាច្រើន ទឹកដីខេត្តកំពត ជាខេត្តជាប់សមុទ្រទាំងបួនរបស់យើងផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្ដថាកោតសរសើរដល់រដ្ឋបាលខេត្តកំពត ដែលបានខិតខំបង្កើតសមិទ្ធផលថ្មី រួមចំណែកក្នុងការលើកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ហើយបន្ថែមជាជម្រើសសម្រាប់មហាជនអញ្ជើញទៅទស្សនា។

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្ត មានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ពិសេស លោកអភិបាលខេត្ត បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍មុនគេ។(សឹង រ៉ាត់)