2024-09-01 02:09
193

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា៖ «ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១  ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤៨០ ករណី ដែលក្នុងនោះ មានជនសង្ស័យ ចំនួន ១២៩៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១០១៨ នាក់»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕