2024-09-10 14:24
158

(កំពត) ៖   នៅថ្ងៃទី ១០ ខែកញា ឆ្នាំ២០២៤នេះ លោក សំ ប៉ិច មេឃុំត្រពាំងព្រីង បានប្រាប់ឱ្យដឹងថា បងប្អូន ប្រជាកសិករនៅក្នុងភូមិរបុស្សត្របែកបានបង្កបង្កើនផលដាំដំណាំបន្លែរួមផ្សំផ្សេងៗ បន្ទាប់ពីចាប់ផ្តើមមានទឹកភ្លៀង ហើយក្នុងនោះប្រជាកសិករនៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បាននិងកំពុងតែមមាញឹកក្នុងការរៀបចំដីនៅជុំវិញផ្ទះ និងដីនៅលើទីទូលទំនេរ ដើម្បីដាំដំណាំបន្លែរួមផ្សំផ្សេងៗបន្ថែម ខណៈដែលរដូវប្រាំងនាពេលកន្លងមកក្នុងការដាំដុះបានតិចតួច ហើយទិន្នផលទទួលមិនសូវបានល្អ ដោយសារកត្តាអាកាសធាតុ។

ប្រជាកសិកររស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា មកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងភូមិស្ទើរ១០០ភាគរយ នៅតែបន្តនាំគ្នាដាំដំណាំបន្លែដើម ស្លឹក និងផ្លែ មានដូចជាស្ពៃគ្រប់ប្រភេទ ខាត់ណា ជី ម្រះព្រៅ តាសក់ ត្រប់ ននោង និងត្រកួន ល្ពៅជាដើម។

លោក សំ បុិច មេឃុំត្រពាំងព្រីងបានលើកឡើងឲ្យដឹងថាកាលពីរដូវប្រាំងកន្លងទៅ ការដាំដុះបន្លែរួមផ្សំបានតិច ហើយទិន្នផលទទួលបានក៏មិនសូវបានល្អដែរ ដោយសារអាកាសធាតុក្តៅខ្លាំង ខ្វះខាត់ទឹកស្រោចស្រព។

លោក សំ បុិច មេឃុំត្រពាំងព្រីងបានបន្តឲ្យដឹងថាប្រជាកសិករបន្ទាប់ពីទទួលបានទឹកភ្លៀង ប្រជាពលរដ្ឋក្នុងភូមិ ក៏ចាប់ផ្តើមមាញឹករៀបចំផ្ទៃដី ដើម្បីដាំបន្លែរួមស្សំផ្សេងៗបន្លែម។

ការដាំដុះបន្លែជាលក្ខណៈគ្រួសារ និងតាមបែបប្រពៃណីក៏ពិតមែន ប៉ុន្តែនៅក្នុងភូមិនេះមិនបាននាំបន្លែពីខាងក្រៅណាយកមកហូបនោះទេ គឺដាំសម្រាប់ហូបខ្លួនឯងផង និងលក់ទៅលើទីផ្សារផង។

លោក សំ ប៉ិច មេឃុំត្រពាំងពី្រងបានឲ្យដឹងទៀតហើយនាពេលកន្លងមកមានខាងបច្ចេកទេស ប្រធានការិយាល័យក្សេត្តសាស្ត្រ និងផលិតភាពកសិកម្ម  ខេត្តកំពតបានបង្រៀនប្រជាកសិករលើសក្តានុពលលើវិស័យកសិកម្ម ក្នុងនោះមានដំណាំយុទ្ធសាស្ត្រផ្សេងៗ ដូចជា ម្រេច ទុរេន ដូង ចេក ស្វាយជាដើម ហើយចំពោះដំណាំបន្លែក៏មានច្រើនណាស់ដែរ។

លោក សំ ប៉ិច មេឃុំត្រពាំងព្រីងបានប្រាប់ឲ្យដឹងថាកន្លងមកក្រសួង ក៏ដូចជាមន្ទីរកសិកម្មខេត្ត តែងយកចិត្តទុកដាក់ក្នុងការចុះជួយកសិករ ទាំងផ្នែកបណ្តុះបណ្តាលបច្ចេកទេស ការដាំ និងចិញ្ចឹម ផ្តល់ពូជ និងគ្រាប់ពូជ ព្រមទាំងសម្ភារមួយចំនួនផងដែរដល់ប្រជាកសិករ។

លោកមេឃុំត្រពាំងព្រីង បានបន្តថា សម្រាប់ប្រជាពលរដ្ឋនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង តាំងពីដើមរៀងមកពួកគាត់បាននាំគ្នាដាំបន្លែដើម ស្លឹក ផ្លែ និងមើម មិនដែលដាច់នោះទេ ហើយនៅក្នុងភូមិនេះក៏មានបណ្តុំអាជីវកម្មបន្លែ (ស្ពៃចង្កិះ និងតាសក់) ផងដែរ។

លោក សំ បុិច មេឃុំត្រពាំងពី្រង បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថាអ្នក ភូមិនាពេលកន្លងមកក៏ទទួលបានគម្រោង អាស្ពាយ អេដ (ASPIRE AID) ដែលផ្តោតលើដំណាំបន្លែផងដែរ ដើម្បីជួយផ្តល់ជាបច្ចេកទេស គ្រាប់ពូជ ផ្ទះសំណាញ់ និងសម្ភារមួយចំនួនទៀតសម្រាប់កសិករ។

ទោះជាយ៉ាងណាក៏ដោយ លោក សំ បុិច មេឃុំត្រពាំងពី្រង ក៏បានបញ្ជាក់ដែរថា ដោយសារអាកាធាតុក្តៅខ្លាំង ការដាំបន្លែកាលពីរដូវប្រាំងកន្លងទៅ នៅក្នុងភូមិបុស្សត្របែកនេះ មិនបានល្អនោះទេ ហើយបន្ទាប់ពីរដូវវស្សានេះ ខេត្តទទួលបានទឹកភ្លៀងជាច្រើនមេ ប្រជាកសិករក្នុងភូមិនេះកំពុងតែមមាញឹកខ្លាំងក្នុងការរៀបចំផ្ទៃដីដាំដុះដំណាំផ្សេងៗ ពិសេសដាំបន្លែ ហើយបើតាមការកត់សម្គាល់ ចំនួនផ្ទៃដីដាំបន្លែ (រង និងថ្នាល) របស់ប្រជាកសិករមានច្រើនជាងរដូវប្រាំងកន្លងទៅ។(សឹង រ៉ាត់)