2024-09-11 08:19
204

ប្រជាពលរដ្ឋរស់នៅនិងបំពេញការងារនៅតាមមូលដ្ឋានតំបន់រោងចក្រសហគ្រាស បានសម្តែងការសាទរ និងគាំទ្រចំពោះការតម្រូវឱ្យរោងចក្រសហគ្រាសឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលគោរពច្បាប់ ត្រូវបំពាក់ជាចាំបាច់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ និងបរិស្ថាន។

អ្នកស្រី ម៉េច សិរីរ័ត្ន អ្នកប្រកបរបរលក់ដូរ រស់នៅជាប់នឹងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន  ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានសម្តែងការបារម្ភប្រសិនបើមានរោងចក្រឬសហគ្រាសណាដបានបញ្ចេញទឹកពុលមកក្នុងប្រភពទឹកធម្មជាតិ នឹងអាចប៉ះពាល់ដល់សុខភាព និងជីវិតរបស់ប្រជាពលរដ្ឋ។ « ដូច្នេះបើមានការដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានជាតិពុល គឺជាការល្អណាស់!»។ អ្នកស្រី សិរីរ័ត្ន បានបន្ថែម។

ម្ចាស់ផ្ទះជួលកម្មករកម្មការិនី អ្នកស្រី ចាន់ លីដា នៅក្នុងក្រុងបាវិត ខេត្តស្វារៀង បានសម្តែងមតិថា ប្រជាពលរដ្ឋបាននិងកំពុងប្រើប្រាស់ទឹក និងធ្វើនេសាទលក្ខណៈគ្រួសារ ក្នុងព្រែកមួយ ឈ្មោះថា «ព្រែកល្ពៅ» ក្បែរតំបន់រោងចក្រ។ អ្នកស្រីចង់ឱ្យម្ចាស់រោងចក្រសហគ្រាស មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រ ដើម្បីចៀសវាង ការបំពុលដល់មនុស្ស សត្វ ដែលកំពុងរស់នៅជាមួយទឹកនៃព្រែកជីកក្នុងមូលដ្ឋាន។

ដោយឡែក លោក លីជុន សាវ(Lijun shao) ជំនួយការអ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នៅទីក្រុងបាវិត បានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍មែន តែត្រូវគិតគូរដល់សុខភាពប្រជាជន បរិស្ថាន ធម្មជាតិ និងភាពបៃតង»។  ក្រុមហ៊ុនបានបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រសហគ្រាស មុននឹងការបង្ហូរចេញទៅតាមប្រឡាយសាធារណៈ គឺមានគ្មានសារធាតុពុល។ លោកថ្លែង 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រសហគ្រាស ជាកត្តាដ៏សំខាន់ ដើម្បីធានាការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់ប្រជាពលរដ្ឋ កម្មករ  កម្មការិនី និងនិយោជិតទាំងអស់ ដែលរស់នៅក្បែរប្រភពទឹក និងបំពេញការងារនៅតាមរោងចក្រសហគ្រាសទាំងនោះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបរិស្ថាន មានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅឈានឆ្ពោះទៅភាពជោគជ័យនៃការវិនិយោគដោយចីរភាព ការគ្រប់គ្រងបរិស្ថានល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ។

សូមបញ្ជាក់ថា ច្បាប់របស់កម្ពុជា ក្នុងនោះក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតការបំពុលបរិស្ថាននៅប្រភពបំពុលសក្តានុពល បានតម្រូវឱ្យរោងចក្រសហគ្រាសឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុល ត្រូវបំពាក់ជាចាំបាច់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញ សំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស។ 

ឧបករណ៍ស្វ័យត្រួតពិនិត្យនេះ  គឺជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការជួយបង្កលក្ខណៈងាយស្រួលដល់ក្រសួងបរិស្ថាន នៅក្នុងការតាមដាននិងការត្រួតពិនិត្យទប់ស្កាត់ និងចាត់វិធានការបានទាន់ពេលវេលានៅពេលមានករណីលេចជ្រាប ឬការលួចបង្ហូរទឹកកខ្វក់ ឬក៏សារធាតុរាវពុល ចេញពីរោងចក្រណាមួយៗ ដែលបានបំពាក់នូវឧបករណ៍នេះរួច ដោយមិនចាំបាច់មានមន្រ្តីជំនាញចុះមកត្រួតពិនិត្យដោយផ្ទាល់នោះទេ។ ពោលគឺ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង ហើយទិន្នន័យទាំងនោះ ទោះក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូន និងផ្តល់សញ្ញាទៅក្រសួងបរិស្ថានភ្លាមៗ៕