នេះបើតាមការបង្ហោះរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តាខេត្តនាទិសឦសាន្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ដែលមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០ គីឡូម៉ែត្រ លើកទី២ នេះកាន់តែមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី២ លើតម្រាយផ្លូវតាមបណ្តោយព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ដំណើរទស្សនកិច្ចមួយថ្ងៃនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់ នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ សាធារណជនដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជនដូចជា ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល ក្រុមហ៊ុន ចុងភៅ សេង ហុកហេង ដែលបានផ្តល់អាហារពេលព្រឹក និងក្រុមហ៊ុនភេសជ្ជៈបាកាស ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ»៕