សម្រាប់ព្រឹត្តការណ៍ធំៗទាំង៣នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់ឱ្យថា៖ «ទី១- ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 នាថ្ងៃទី១៦-១៧ ខែកញ្ញា ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក»។ សម្រាប់ព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នេះ រៀបចំធ្វើនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖ «ទី២- ព្រឹត្តិការណ៍អយន្តកាលដ៏អស្ចារ្យ ឬហៅថា “សមរាត្រី” នាថ្ងៃទី២១-២៣ ខែកញ្ញា ដែលអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ហើយក្នុងមួយឆ្នាំមានតែ ២ដងប៉ុណ្ណោះ»។
ព្រឹត្តិការណ៍ «សមរាត្រី» នៅប្រាសាទអង្គរ (Equinox Angkor) ដែលត្រូវបានគេស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ និងស្ដែងឱ្យឃើញពីអច្ឆរិយភាព នៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ មានទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ជាច្រើនចូលរួម និងទន្ទឹងរង់វចាំទស្សនា និងផ្តិតយករូបភាពដ៏អស្ចា្យយ៉ាងច្រើនកុះករជារៀងរាល់ឆ្នាំ។
សម្រាប់ព្រឹត្តិការណ៍ទី៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ការដង្ហែក្បួនដ៏ធំក្នុងក្រុងសៀមរាប អមជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈប្រពៃណី នាថ្ងៃទី២៧ ខែកញ្ញា ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍ ការតាំងបង្ហាញឡាន និងម៉ូតូចាស់ៗជាដើម»៕