«ថ្ងៃនេះគឺជាខួប២០ឆ្នាំ (១៥ កញ្ញា ២០០៤ - ១៥ កញ្ញា ២០២៤) ដែលសម្តេច ត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី»។ នេះជាខ្លឹមសារដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ផ្តើមចេញពីបទពិសោធន៍ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ដែលថ្ងៃនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា «២០ឆ្នាំ» ហើយ។
តាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាអតីតប្រធានគណ:មេធាវី អាណត្តិទី៥-៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ពិតជាបានគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ជួយទ្រទ្រង់ដល់រាល់សកម្មភាព និងកិច្ចការរដ្ឋបាលទូទៅរបស់ គណ:មេធាវី មានជាអាទិ៍ ដូចខាងក្រោម៖
- ជាស្ថាបនិកផ្តួចផ្តើមបង្កើត និងអនុម័តផ្តល់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់គណ:មេធាវីធ្វើប្រតិបត្តិការការពារក្តីជូនជនក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស
- ផ្តល់អគាររបស់រដ្ឋ ជាកម្មសិទ្ធិរបស់គណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាទីស្នាក់ការរដ្ឋបាល រហូតបច្ចុប្បន្ន
- អនុម័តផ្តល់ថវិកាឧបត្ថម្ភ ដល់និសិ្សតដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី
- ជាស្ថាបនិកផ្តួចផ្តើមបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេច សម្រាប់ប្រតិបត្តិការពារក្តី និងពិគ្រោះ ប្រឹក្សាយោបល់ ជូនស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងខ្វះការការពារតាមផ្លូវច្បាប់ នៅក្នុងក្របខណ្ឌទូទាំងរាជធានី-ខេត្ត ។ល៕