2024-09-15 02:09
119

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា៖ ក្នុងរយៈពេល១សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន សរុបចំនួន ៨០ ករណី ដែលក្នុងនោះ មានជនសង្ស័យ ចំនួន ១៨៧ នាក់ និងត្រូវបានឃាត់ខ្លួន ចំនួន ១៥១ នាក់។ នេះបើកយោងតាមការបញ្ជាក់ឱ្យដឹងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត ៣កុំ ១រាយការណ៍ ដែលមានន័យថា កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕