2024-09-20 07:09
140

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៃក្រុមហ៊ុន HONDA MOTOR CO., LTD. បានគោរពជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសង្ខេបអំពីវឌ្ឍនភាព និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ក្នុងរយៈពេល២៥ឆ្នាំមកនេះ។ 

ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន N.C.X. Co., LTD បានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍវិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនូវគោលន​យោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលឱ្យក្រុមហ៊ុនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។ 

លោកនាយកប្រតិបត្តិបានប្ដេជ្ញាចិត្តក្នុងអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល និងបន្ដកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានគោរពជម្រាបជូនអំពីផែនការពង្រី​ក​ការវិនិយោគ​ និងអាជីវកម្មបន្ថែមទៀតរបស់ក្រុមហ៊ុន​នៅកម្ពុជា។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះវឌ្ឍនភាព និងជោគជ័យរបស់ក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសលើពិភពលោក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ត បណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពជំនាញជូនប្រជាពលរដ្ឋកម្ពុជា និងការបង្កើតការងារ។ 

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការផ្ដោតយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោ​យបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តមួយចំនួនចំពោះការវិនិយោគលើការបង្កើតរោងចក្រដំឡើង និងផលិតយា​នយន្តនៅកម្ពុជា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត៕