សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបាននាំគ្នាអញ្ជើញមកទស្សនាកម្សាន្ត និងផ្តិតយករូបភូមិនៃព្រឹត្តិការណ៍ «សមរាត្រី» ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលព្រឹត្តិការណ៍ដ៏កម្រនេះ កើតមាន២ដងមួយឆ្នាំប៉ុណ្ណោះលើទឹកដីអឆ្ឆរិយទីក្រុងអង្គរ ខេត្តសៀមរាប។
ជាក់ស្តែង នាព្រលឹមស្រាងៗ ចុងសប្តាហ៍ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមុខប្រាងប្រាសាទអង្គរវត្ត នាខេត្តទឹកដីខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអត្តរជាតិចម្រុះជាតិសាសន៍ បាននាំគ្នាអញ្ជើញមកទស្សនាថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តយ៉ាងច្រើនកុះករ និងបានផ្តិតយករូបភាពស្អាត និងប្លែកៗសម្រាប់ទុកជាអនុសាវរីយ៍ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហោះសារពាក់ព័ន្ធព្រឹត្តិការណ៍ «សមរាត្រី» យ៉ាងដូច្នេះថា៖ «ទិដ្ឋភាពភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អញ្ជើញទស្សនាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នាឱកាសព្រឹត្តិការណ៍សមរាត្រី»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដែរថា៖ «សម្រាប់បងប្អូនដែលមិនទាន់បានមកទស្សនាថ្ងៃនេះ អាចអញ្ជើញមកថ្ងៃស្អែក ឬថ្ងៃទី២៣បាន ព្រោះនៅសល់ ២ថ្ងៃទៀត នៃព្រឹត្តិការណ៍សមរាត្រី ដែលនឹងកើតឡើង ៣ថ្ងៃ ២ដង/ឆ្នាំ ជារៀងរាល់ឆ្នាំ គឺរៀងរាល់ថ្ងៃ២១-២៣ ខែមីនា និង ២១-២៣ ខែកញ្ញា»។
សូមជម្រាបថា ព្រឹត្តិការណ៍ «សមរាត្រី» នៅប្រាសាទអង្គរ (Equinox Angkor) ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ និងស្ដែងឱ្យឃើញពីអច្ឆរិយភាព នៃផ្នែកតារាសាស្ត្រ និងសំណង់ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ។
ជារៀងរាល់ឆ្នាំ «សមរាត្រី» ដែលតែងតែកើតមាន២ដង គឺនៅរដូវប្រាំងក្នុងខែមីនា និងសមរាត្រីរដូវវស្សាកើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍សមរាត្រី គឺជាវេលាដែលរយៈពេលថ្ងៃ និងយប់មានរយៈពេលស្ទើរស្មើគ្នា ប៉ុន្តែក៏មានខែខ្លះ ថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ៕