2024-09-22 12:29
101

ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនសមាគមទេសចរណ៍កម្ពុជា (Cambodia Tourism Association-CATA) ដែលមានឧកញ៉ា ឆាយ ស៊ីវលីន ជាប្រធានសមាគម និងក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបញ្ហាប្រឈម និងសំណូមពរនានារបស់សមាគម ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា ឱ្យបានច្រើន ជាពិសេសទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ព្រោះព្រះរាជាណាចក្រកម្ពុជា សម្បូរធនធានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមលើការប្តេជ្ញា និងការចូលរួមចំណែកក្នុងការជួយជំរុញវិស័យទេសចរណ៍កន្លងមក និងសង្ឃឹមជឿជាក់ថា សមាគមនឹងនៅតែបន្តចូលរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត។ 

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបញ្ជាក់ថា៖ «រាល់កង្វល់នានា, បញ្ហាប្រឈម, សំណូមពរដែលសមាគមបានលើកឡើងនៅក្នុងកិច្ចពិភាក្សានាល្ងាចនេះ លោកនឹងទទួលយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង, អន្តរក្រសួង, ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា»