2024-09-24 10:09
71

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការទូតអាហារកម្ពុជា៖ ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈម្ហូបអាហារ» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តកំពត និងត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការរបស់មូលនិធិអាស៊ីប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិកស្ថានបេសកកម្មការទូតបរទេស និងអង្គការអន្តរជាតិនានានៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ជាគំនិតផ្តួចផ្តើមរបស់ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក្នុងគោលបំណងផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងផ្តល់ឱកាសដល់មន្ត្រីការទូតបរទេសនៅកម្ពុជា ទទួលបានបទពិសោធន៍ នៃការធ្វើម្ហូបខ្មែរដំបូង រួមទាំងបន្ថែមនូវចំណេះដឹងដល់ពួកគាត់អំពីវប្បធម៌ ម្ហូបអាហារកម្ពុជា ពោលគឺភាពពិសេសប្លែកពីគេ ភាពល្អឥតខ្ចោះ និងកេរដំណែលមរតកម្ហូបអាហារខ្មែរមិនអាចកាត់ថ្លៃបានរាប់ពាន់ឆ្នាំមកហើយ។ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានោះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានលើកឡើងថា៖ «កម្មវិធីនេះ ពិតជាបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អាហារកម្ពុជា ដែលជាផ្នែកមួយនៃការទូតសេដ្ឋកិច្ចកម្ពុជា»។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់ចេញយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច នៅឆ្នាំ២០២១។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចមានគោលបំណង លើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក្រោមចក្ខុវិស័យរបស់ប្រទេសកម្ពុជា ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានដឹកនាំដោយចុងភៅល្បីឈ្មោះពីររូប គឺលោកស្រី រស់ រតនៈ (Chef Nak) និងឧកញ៉ា លូ ម៉េង (Chef Luu Meng)។ ភ្ជាប់ជាមួយនឹងវគ្គបណ្តុះបណ្តាលនេះ អ្នកការទូតទាំងអស់បានធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពត និងបានជួបសម្តែងការគួរសមជាមួយ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគរបស់ ខេត្តកំពត ដូចជាវិស័យកសិកម្ម និងទេសចរណ៍។ ខេត្តកំពតជាខេត្តដែលមានភាពល្បីល្បាញជាលក្ខណៈអន្តរជាតិ ចំពោះម្រេច និងសម្រស់ធម្មជាតិភ្នំបូកគោ៕