2024-09-24 10:59
101

ថ្លែងនៅក្នុង កិច្ចប្រជុំរៀបចំគោលការណ៍ណែនាំផ្នែក គោលនយោបាយនៃ ដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥- ២០២៩) របស់រដ្ឋបាលខេត្ត កណ្តាល នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា តាមច្បាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិបានចែងថា៖ រដ្ឋបាលថ្នាក់ក្រោមជាតិក្រោយជាប់ឆ្នោតត្រូវរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ ខ្លួនអោយបានយ៉ាងយូរក្នុងឆ្នាំទី១នៃអណត្តិរបស់ខ្លួន ។ 

ចំពោះខេត្តកណ្តាលយើង បានគ្រោងក្នុងប្រតិទិនការងារកសាងផែនការរយៈពេល៥ឆ្នាំ (២០២៥- ២០២៩) ឱ្យចប់នៅបំណាច់ខែមីនាឆ្នាំ២០២៥ ស្របតាមច្បាប់កំណត់។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា នៅក្នុងនីតិវិធីដំណើរ ការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវគោរពតាមគោលការណ៍ទាំង៩រួមមាន៖ ១-ការចែករំលែកព័ត៌មាន ២-តម្លាភាព ៣-សង្គតិភាព និងសុខដុមនីយកម្ម ៤-ការចូលរួមពិគ្រោះយោបល់ជាទូទៅ ៥- ការឆ្លើយតបនឹងតម្រូវការ ៦-គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ៧-ប្រសិទ្ធភាព និងសុក្រឹត្យភាពសេដ្ឋកិច្ច និងសង្គម ៨-ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន និង៩-ការធានាសមធម៌។ 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹក ដល់មន្ទីរអង្គភាពទាំងអស់ត្រូវពិនិត្យមើលខ្លឹមសារដែលបានគ្រោងក្នុងគោល ការណ៍ណែនាំផ្នែកគោលនយោបាយដំណើរការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្ត តើមានភាពគ្រប់ជ្រុងជ្រោយហើយឬនៅ គួរ ថែមឬ កាត់ចេញឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសាមី ។ ត្រូវយកចិត្តទុកដាក់ក្នុងដំណើរការរៀបចំកសាង ផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) ទៅតាមនីតិវិធី និងពេលវេលាដែលថ្នាក់ជាតិបានកំណត់ ដោយមិនរំលងសកម្មភាពណាមួយឡើយ។

 ជាពិសេសមន្ទីរផែនការដែលជាអ្នកសម្របសម្រួល ត្រូវយកចិត្តទុកដាក់ក្នុងដំណើរ ការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ(២០២៥-២០២៩) បើមានបញ្ហា ត្រូវរាយការណ៍ និងសុំគោលការណ៍ដឹកនាំថ្នាក់ដឹកនាំ ដើម្បីជួយដោះស្រាយបានទាន់ពេលវេលា។ 

សូមជម្រាបថា តាមសេចក្តីសម្រេចស្តីពី គោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងបរិបទនៃឌីជីថល គោលនយោបាយសំខាន់ៗ សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ទៅលើ វិស័យការងារ និងសកម្មភាពអាទិភាពចំនួន៤ រួមមានទី១-ផ្នែកសេដ្ឋកិច្ច ត្រូវយកចិត្តទុកដាក់ជំរុញលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ស្របតាមគោលនយោបាយ។ទី២-ផ្នែកសង្គមកិច្ច ត្រូវបន្តអភិវឌ្ឍន៍វិស័យអប់រំយុជន និងកីឡាឱ្យកាន់តែរឹងមាំ មានភាពបុរសកម្ម ទំនើបកម្ម ចាប់តាំងពីថ្នាក់មតេយ្យ ដល់មធ្យមសិក្សាដើម្បីរួមចំណែកក្នុងការកសាងមូលធនមនុស្ស ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ក្នុងបរិបទនៃបរិវិត្តកម្មឌីជីថល។ទី៣-ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថានបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយត្រូវពង្រឹងការគ្រប់គ្រងប្រើប្រាស់ដីធ្លីធនធានធម្មជាតិប្រកបដោយចីរភាពស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដើម្បីធានាឱ្យបាននូវចីរភាពនិងសុក្រឹតកម្មបរិស្ថាន ប្រែក្លាយកម្ពុជា ជាប្រទេស អព្យាក្រឹត្យ កាបូននិងមានគម្របព្រៃឈើ៦០%នៅឆ្នាំ២០៥០។ និងទី៤-ផ្នែកគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាលសាធារណៈតាមរយៈ ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមកម្មវិធីជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ការផ្តល់សេវានានា នៅទូទាំងខេត្តប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕