(ឧត្តរមានជ័យ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ អមដំណើរដោយលោកជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់សំណង់បង្ហៀរ និងសំណង់ស្ពានលើទំនប់អាងទឹកថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងសាងសង់សំណង់បង្ហៀរ និងកសាងស្ពានលើទំនប់អាងទឹកថ្មីនេះឡើង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ជាប់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងជួយសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងការដឹកជញ្ជូនកសិផលឆ្លងដែនជាមួយប្រទេសជិតខាង នៅក្នុងខេត្តឧត្ដរមានជ័យ ក្នុងនោះការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)សាងសង់ស្ពានលើទំនប់អាងទឹកថ្មី១កន្លែងប្រវែង ១២៥ម៉ែត្រ ទទឹង ៧ម៉ែត្រ និង ទី២)សាងសង់សំណង់បង្ហៀរ ១កន្លែង គិតមកដល់ពេលនេះការងារសម្រេចរួចរាល់ ១០០%។
លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា សំណង់នេះមានលទ្ធភាពគ្រប់គ្រងទឹក និងបញ្ជាទឹកសម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាប្រមាណ ១៤៩២ហិកតា រដូវប្រាំងប្រមាណ ២៧៩ហិកតា និងដំណាំរួមផ្សំប្រមាណ ៧៨ហិកតា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២ភូមិក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែងចំនួន ៤១៨គ្រួសារ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គម្រោងនេះជួយបងប្អូនប្រជាកសិករក្នុងតំបន់ឱ្យទទួលបានកំណើនប្រាក់ចំណូលប្រសើរជាងមុន តាមរយៈការបង្កើនការដាំដុះដំណាំកសិកម្មពី២ទៅ៣ដងក្នុងមួយឆ្នាំ ព្រមទាំងបានទទួលស្ពាន និងផ្លូវធ្វើដំណើរទំនាក់ទំនងគ្នាប្រសើរជាងមុន ងាយស្រួលដឹកកសិផលយកទៅលក់នៅទីប្រជុំជន និងប្រទេសជិតខាង។
សូមបញ្ជាក់ថា ទំនប់អាងទឹកថ្មីមានតួនាទីទទួលយកទឹកពីទំនប់អាងទឹកតាម៉ុក ទំនប់អាងទឹករំចេក និងពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មករក្សាទុកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ ដំណាំរួមផ្សំ និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងបញ្ជូនទឹកទៅអាងទឹកស្ទឹងស្រែងទី២ ស្ទឹងស្រែងទី១ ដើម្បីស្រោចស្រពលើផ្ទៃដីប្រមាណ ២៥០០០ហិកតា នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។