2024-09-28 13:53
73

(កំពត)៖នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ  បានថ្លែងបិទវេទិការថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បានធ្វើឡើងនៅខេត្តកំពតនៅក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប បានបញ្ជាក់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ការផ្ទេរមុខងារសិទ្ធអំណាចនេះ    គឺអាជ្ញាធរថ្នាក់ក្រោមជាតិអាចធ្វើអ្វីក៏បានឲ្យតែជាតម្រូវការរបស់ប្រជពលរដ្ឋ ហើយស្របនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ តួយ៉ាងដូចជាខេត្តកំពតជាគំរូស្រាប់។ 

មានប្រសាសន៍ថ្លែងបិទវេទិការថ្នាក់ខេត្តរបស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងបានលើកឡើងថា វត្តមានរបស់លោក និងឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល គណៈអភិបាលខេត្តទូទាំងប្រទេសនាពេលនេះ ដើម្បីសិក្សារៀនសូត្រ និងដកយកបទពិសោធ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យ គ.ជ.អ.ប. ដឹកនាំរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងទី១ បង្ហាញពីការតាំងចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការជំរុញកិច្ចដំណើរការកំណែទម្រង់សំដៅរួមគ្នាសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣០ និងឆ្នាំ២០៥០។

ទី២.ដើម្បីសម្រេចទស្សនវិស័យនេះរាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលទាមទាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ មានការគិតគូរថ្មីៗ ដើម្បីសម្រប និងពិនិត្យមើលកំណែទម្រង់នេះ ជាមួយនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសំដៅទាំងអស់គ្នាធ្វើដំណើរឆ្ពោះទៅ សម្រេចចក្ខុវិស័យដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅឆ្នាំ២០៣០ និង២០៥០។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ក្នុងកំណែទម្រង់នេះ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធ ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើអ្វីក៏បាន ឲ្យតែជាត្រូវការរបស់ប្រជាពលរដ្ឋ ហើយមិនខុសរដ្ឋធម្មនុញ្ញ និងច្បាប់។

ឯកឧត្តមលើកទឹកចិត្តឲ្យអាជ្ញាធររាជធានីខេត្ត យកបទពិសោធ និងធ្វើតាមគំរូល្អៗរបស់អាជ្ញាធរខេត្តកំពតដែលបានអនុវត្តកន្លងមក។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌ដល់សង្គម។ 

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្តេជ្ញាខិតខំបន្តអនុវត្តឲ្យកាន់តែប្រសើរថែមទៀត។

បើតាមរយៈវេទិការបានធ្វើរយៈពេល១ថ្ងៃកន្លះ  ដែលបានលើកឡើងពីបញ្ហាប្រឈម ផ្សេងៗនិងបានសំណើរ សំណូមពរ របស់រដ្ឋបាលឃុំ សង្គាត់ ក្រុង ស្រុក និងខេត្តកំពត មានចំនួន ៣៤ករណី ក្នុងនោះខេត្តបានដោះស្រាយរួចបានចំនួន ១៦ ករណី និងបានស្នើសុំទៅថ្នាក់ជាតិដោះស្រាយមានចំនួន ២៦ ករណី ដែលបានផុតដែនកំណត់របស់ខេត្តដោះស្រាយផងដែរ។(សឹង រ៉ាត់)