2024-06-20 01:06
163

ភ្នំពេញ៖ សាកសពបុរសម្នាក់ ដែលមានមុខរបរ ជាអ្នកអត្ថាធិប្បាយ (MC) ក្នុងកម្មវិធីផ្សេងៗ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកទន្លេក្រោយចំណតរថយន្តក្រុង ក្រោយពីបានសម្រេចចិត្តបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួនកាលពីទៀបភ្លឺថ្ងៃម្សិលមិញ។

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នំា២០២៤នេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសព MC Mario អណ្តែតទឹកទន្លេខាងក្រោយក្រុមហ៊ុនឡាន ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា MC Mario បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន នៅវេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ ដោយសារមានវិបត្តផ្លូវចិត្តធ្ងន់ធ្ងរ។ តាមប្រភពបានបន្ថែមថា មុនពេលលោកលោតទឹកសម្លាប់ខ្លួនបានឆាតទៅប្រាប់សាច់ញាតិថា «ចាំមកទទួលសពបងផងនៅស្ពានម៉ាឡេ» រួចក៏បានលោតចុះពីលើស្ពានម៉ាឡេចូលទន្លេបាត់តែម្តង។
តាមប្រភពដែលស្និតនឹងជនរងគ្រោះ បានបញ្ជាក់ថា៖ «MC Mario បានវិបត្តិផ្លូវចិត្តព្រោះម្តាយមានជំងឺរកប្រាក់ដើម្បីជូនទៅពេទ្យមិនបាន ជាពិសេស ដោយសាររកពឹងពាក់ខ្ចីបុកមិត្តភ័ក្តប្រាក់ត្រឹម ២០០ដុល្លារមិនបានយកម្តាយទៅពេទ្យ និងមានបំណុលធនាគារផងនោះក៏សម្រេចចិត្តបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួនតែម្តង»។

ក្រោយពេលលោតទឹកសម្លាប់ខ្លួនសាច់ញាតិបានស្វែងរកជនរងគ្រោះ ប៉ុន្តែមិនឃើញលុះព្រឹកថ្ងៃទី២០ ខែមិថុនា នៅសាកសព MC Mario ត្រូវបានអណ្តែតឡើងលើទឹកទន្លេហើយប្រជាពលរដ្ឋប្រទះឃើញតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសកំពុងធ្វើកោសលវិច័យ ដើម្បីបញ្ជាក់ពីការស្លាប់របស់ជនរងគ្រោះរួចរាល់ទើបប្រគល់សពជូនក្រុមគ្រួសារទទួលទៅធ្វើបុណ្យតាមប្រពៃណី៕