2024-10-31 13:45
41

(កំពត)៖ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្រុងកំពតនិងស្រុកទឹកឈូ ត្រូវរួមគ្នាចុះត្រួតពិនិត្យកន្លែងទីតាំងដែលត្រូវស្ថាបនានិងកែលម្អសោភ័ណ្ឌភាពសម្រាប់ត្រៀម ទទួលអ្នកទេសចរណ៍នាក្នុងឱកាសខេត្តកំពតធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី៣ ឱ្យបានល្អប្រសើរនិងមានភាពទាក់ទាញបំផុត។

ខណៈដែលពេលវាលានៃការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ចេះតែរំកិលទៅជិតបន្តិចម្តងៗ  អាជ្ញាធារខេត្តកំពតដែលជាម្ចាស់ផ្ទះ ក៏កាន់តែមមាញឹកខ្លាំងឡើងៗ  ពិសេសលើកការងារស្ថាបនា និងកែលម្អសោភ័ណភាពផ្លូវ និងសួនច្បារសាធារណៈសំខាន់ៗក្នុងក្រុង ដើម្បីឲ្យទាន់ពេលវេលា អភិបាលខេត្តកំពតបានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ  អាជ្ញាធរត្រូវម្ចាស់ការ ត្រួតពិនិត្យ ហើយពន្លឿនការងារកុំឲ្យរាំងស្ទះឲ្យសោះ។

ក្នុងនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានចុះពិនិត្យកន្លែងទីតាំង រៀបចំស្ថាបនាជាទីធ្លាសួនបាញ់ទឹក នៅក្បែររូបសំណាកសត្វផ្សោត ពិនិត្យគម្រោងពង្រីករូបសំណាកសត្វផ្សោតឲ្យធំ  ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង៣ ៣៩០ម៉ែត្រ ចាប់ពីចំណុចរូបសំណាកសត្វផ្សោត សង្កាត់កំពង់កណ្តាល រហូតដល់ចំណុចផ្លូវបេតុងឆ្នេរកោះស្មៅ ឃុំជុំគ្រៀល ស្រុកទឹកឈូ ។ 

ព្រមទាំងបានពិភាក្សាការងារកែលម្អសួនច្បាររមណីយដ្ឋានស្រះឈូកផងដែរ។ 

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានប្រាប់ដល់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវនាំគ្នាពិនិត្យ លក្ខណៈបច្ចេកទេស និងគុណភាពផ្លូវឲ្យបានច្បាស់លាស់ និងត្រូវរាយការណ៍ជាប្រចាំ  ចំណែកមន្ត្រីជំនាញខាងទឹកស្អាត និងភ្លើងអគ្គីសនី ត្រូវរៀបចំផ្លាស់ប្តូរ ឬកែសម្រួលប្រព័ន្ធបណ្តាញរបស់ខ្លួនឲ្យល្អ ធ្វើយ៉ាងណាកុំឲ្យរាំងស្ទះដល់ការស្ថាបនាផ្លូវ  ឬបង្កផលប៉ះពាល់ដល់តម្រូវការប្រើប្រាស់របស់ពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវ។

ហើយបើមានបញ្ហាអ្វីមួយសង្ស័យ ឬមិនច្បាស់លាស់ត្រូវរាយការណ៍ និងសុំយោបល់ភ្លាមៗ  ព្រោះវេលានៃការរៀបចំកាន់តែខិតកៀកទៅៗ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្ថែមឱ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះ មិនថាមន្ត្រីជំនាញ  អាជ្ញាធរ ឬកងកម្លាំងទេ ត្រូវតែជួយគិតគូរ ចូលរួមជាមតិយោបល់ ជួយតាមដានពិនិត្យនូវរាល់សកម្មភាពផ្សេងៗ នៅក្នុងខេត្តរបស់ខ្លួន ថាតើការងារនោះល្អ ឬត្រឹមត្រូវដែរឬទេ ព្រោះមន្ទីរអង្គភាព ជាសេនាធិការសំខាន់ របស់រដ្ឋបាលខេត្ត។

ពិធីបុណ្យសមុទ្រលើកទី១១ជុំទី៣ នៅខេត្តកំពតនឹងប្រារព្ធនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ”។

កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តិឡើងនាថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត។(សឹង រ៉ាត់)