2024-11-11 08:11
30

មន្រ្តីអាជ្ញាធរជាតិអប្សរាបានអះអាងថា ទឹកភ្លៀងជាង៦០លានម៉ែត្រ ត្រីគុណ ឬម៉ែត្រគីប ត្រូវបានប្រមូលទុកនារដូវវស្សាឆ្នាំនេះ។

ទឹកដែលប្រមូលបានទាំងនេះត្រៀមសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ ក្នុងនោះរាប់ទាំងការងារអភិរក្សប្រាសាទ បរិស្ថាន និងវិស័យកសិកម្មសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជុំវិញប្រមាណ៧ពាន់ហិកតាផងដែរ។

បង្ហាញលើបណ្ដាញសង្គមផ្លូវការរបស់អាជ្ញាធរជាតិអប្សរាក្នុងសប្ដាហ៍នេះ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាគិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗនៅតំបន់រមណីយដ្ឋានអង្គរគឺសម្រេចបាន១០០ភាគរយក្នុងនោះរាប់ទាំង បារាយណ៍តូចធំ កសិន្ធុទឹក អូរ និងប្រឡាយជាដើម។ 

ទឹកដែល ប្រមូលបានទាំងនេះមានបរិមាណ ជាង៦០លាន ម៉ែត្រត្រីគុណ ដែលត្រៀមសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ ក្នុងនោះរាប់ ទាំងការងារអភិរក្សប្រាសាទ បរិស្ថាន និង វិស័យកសិកម្មសម្រាប់ប្រជា ពលរដ្ឋនៅតំបន់ជុំវិញប្រមាណ៧ពាន់ហិកតា។ 

អ្នកជំនាញដដែលបានបន្តថា បរិមាណទឹកនេះមានចំនួនប្រហាក់ ប្រហែលនឹងឆ្នាំទៅមិញដែរ ដោយមិនបារម្ភពីកង្វះខាតទឹកនៅតំបន់ឡើយ។ 

ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំ និងស្ដារប្រព័ន្ធទឹកបុរាណ ក្នុងតំបន់រមណីយដ្ឋានអង្គរឡើងវិញចាប់ពីឆ្នាំ២០១២មក។នេះបើតាមការបញ្ជាក់របស់លោក ភឿន សុឃីម។

លោកប្រធាននាយករដ្ឋានបានបន្ថែមថា ក្រោមការគិតគូរដ៏វែងឆ្ងាយ និងភាពឈ្លាសវៃពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដោយយល់ពីសារសំខាន់ នៃការងារគ្រប់គ្រងទឹកដែលធ្វើឱ្យប្រព័ន្ធគ្រប់គ្រង ទឹកក្នុងតំបន់កាន់តែមានភាពជឿនលឿន និងមានប្រសិទ្ធភាពខ្ពស់។ 

តួយ៉ាងនាឆ្នាំ២០២៤ នេះសំណង់ទ្វារទឹកមួយចំនួនត្រូវបានស្ដារ និងជួសជុលឡើងវិញជាបន្តបន្ទាប់ ក្នុងបំណងដើម្បីធានាថា ការងារ គ្រប់គ្រងទឹក នឹងមានវិសាលភាព កាន់តែទូលំទូលាយ និងពេញលេញ ដើម្បីបំពេញតម្រូវការក្នុងតំបន់រមណីយដ្ឋានអង្គរ។

ចំពោះការប្រើប្រាស់ទឹកវិញ លោក ភឿន សុឃីម បញ្ជាក់ថា ទឹកមាន សារសំខាន់ នៅតំបន់ប្រាសាទ ដោយសារបុព្វបុរសសម័យ មុនបានរៀបចំ និងកសាងប្រាសាទដោយមានគ្រឹះដីខ្សាច់ ដូច្នេះទើបកសាង កសិន្ធុ ជុំវិញដើម្បីបញ្ចូលទឹកឱ្យគ្រឹះរឹងមាំល្អ។ 

ប្រសិនគ្មានទឹក ប្រាសាទនឹង រងការដួលរលំ និងបាក់បែកខ្លាំង។ 

ក្រៅពីនេះទឹកក៏ជាបង្កើនសម្រស់ និងសោភណភាពនៅតំបន់ប្រាសាទផងដែរ។ 

ទឹកក៏ជួយឱ្យដើមឈើលូតលាស់បានល្អទាក់ទាញទេសចរ និងជួយកាត់បន្ថយការកើនឡើងនៃរលកកម្ដៅខ្លាំងនារដូវប្រាំង៕