2024-11-19 05:11
106

 យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាកាលពីវេលាម៉ោង ៦និង៤៥នាទី ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយអចេតនា(ចាក់ថ្នាំប្រតិកម្មស្លាប់)នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុកឃុំត្រពាំងក្រសាំងស្រុកបាទីខេត្តតាកែវ។

ប្រភពដដែលបានឲ្យដឹងទៀតថាមុនពេលកើតហេតុកាលពីវេលាម៉ោង៦ល្ងាច ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ រួមជាមួយនឹងក្មួយស្រីឈ្មោះ ណូន សៀវហ្វាន អាយុ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថាទៅរកពេទ្យដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន។

បន្ទាប់មកដោយបាត់ជនរងគ្រោះមិនឃើញត្រឡប់មកផ្ទះវិញយូរពេកក្រុមគ្រួសារមានការភិតភ័យក៏បាននាំគ្នាទៅដើររកជនរងគ្រោះរហូតដល់ម៉ោង២យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះនៅក្នុងព្រៃខាងត្បូងភូមិឃ្លាតពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ តែមិនបានឃើញជនរងគ្រោះឡើយ។             លុះដល់វេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះ និងក្មេងស្រីអង្គុយក្បែរសាកសពនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ 

ក្រោយទទួលពត៌មាននេះកម្លាំងកងរាជអាវុធហត្ថស្រុកបាទីនិងកម្លាំងប៉ូលីសស្រុកបានចុះដល់ទីតាំងកើតហេតុ ហើយកម្លាំងជំនាញបានពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពរួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប្រតិកម្មនិងការចាក់ថ្នាំហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកបាទីក៏បានធ្វើការឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា ពីរនាក់ប្ដីប្រពន្ធដើម្បីចាត់ការទៅតាមនីតិវិធី។
ម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពទាំង២នាក់ដែលឃាត់ខ្លួនទាំងពីរនាក់ខាងលើនេះ ទី១៖ ឈ្មោះហៀង សុងហាក់ ភេទប្រុសអាយុ ៣៧ ឆ្នាំមុខរបរពេទ្យ និងទី២៖ ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរពេទ្យបង្អែកស្រុកបាទីមានទីលំនៅភូមិបឹងពញាកគុកឃុំត្រពាំងក្រសាំងស្រុកបាទី៕