ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា នឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍ “ASEAN Travel Exchange (TRAVEX)” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដែលប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ សំដៅទាក់ទាញទេសចរជាតិក្នុងតំបន់ និងអន្តរជាតិ ឱ្យមកទស្សនា “កម្ពុជា - ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង” កាន់តែច្រើនថែមទៀត។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា៖ «ការរួមការតាំងពិព័រណ៍ទេសចរណ៍ “ASEAN Travel Exchange (TRAVEX)” ដែលនឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកលក់ និងអ្នកទិញ ស្តង់ពិព័រណ៍ប្រមាណ ២០០ស្តង់ ដោយមានការដាក់តាំងបង្ហាញផលិតផលទេសចរណ៍ ពីប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សេវាកម្មធ្វើដំណើរ សេវាកម្មសណ្ឋាគារ និងភាគីពាក់ព័ន្ធនៃបណ្តាប្រទេសសមាជិកអាស៊ាន ផងដែរ»។
ក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានាឱ្យបានជ្រាបថា៖ «ក្រសួងទេសចរណ៍កម្ពុជា នឹងចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ “ASEAN TOURISM FORUM 2025” ក្រោមប្រធានបទ៖ “រួបរួមជាចលនា-កំណត់ទិសដៅទេសចរណ៍អាស៊ាននៅថ្ងៃស្អែក”“UNITY IN MOTION- Shaping ASEAN's Tourism Tomorrow” នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ»។
ក្រសួងបានបន្ថែមថា ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ ជំរុញបង្កើតឱកាសអាជីវកម្មទេសចរណ៍ និងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន ព្រមទាំងជាឱកាសក្នុងការបង្កើតទំនាក់ទំនង អាជីវកម្មថ្មី កិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃគូទេសចរណ៍ជាតិ-អាស៊ាន តាមរយៈបណ្តាញទំនាក់ទំនងទីភ្នាក់ងារទេសចរណ៍ និងកិច្ចសហការក្នុងវិស័យទេសចរណ៍អាស៊ាន។
ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានាចូលរួមផ្សព្វផ្សាយ និងចូលរួមការតាំងពិព័រណ៍ TRAVEX សំដៅទាក់ទាញទេសចរជាតិក្នុងតំបន់ និងអន្តរជាតិ ឱ្យមកទស្សនា “កម្ពុជា - ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង” កាន់តែច្រើនថែមទៀត។ សូមទំនាក់ទំនងចុះឈ្មោះចូលរួមក្នុងពិព័រណ៍ខាងលើ តាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៤១ ៤១ ៩១ ឬ +៨៥៥ ១២ ២៤៩ ៨៧៨ និង Email: sethamonythor@gmail.com /samath.ouk007@gmail.com៕