2024-11-20 08:11
89

តាកែវ៖ ម្ចាស់គ្លីនិកឯកជន យីហោ «សុងហាក់ ម៉ារីណា» ពីរនាក់ ប្ដី-ប្រពន្ធ នៅស្រុកបាទី ត្រូវបានសមត្ថកិច្ចនគរ​បា​លឃាត់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយរកឃើញថាបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោ​យស្ត្រីអ្នកជំងឺម្នាក់ ស្លាប់រួចយកសាកសពមកផ្លុងចោលនៅគម្ពោធព្រៃ ជាមួយក្មេងស្រីអាយុ៣ឆ្នាំឱ្យអង្គុយយំអោ​បសពមួយយប់ទល់ភ្លឺគួរអោយសង្វេកបំផុត។

ហេតុការណ៍ដ៏គួរឱ្យតក់ស្លុតខាងលើ បានកើតឡើង នាព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រោយមានប្រជាពលរដ្ឋប្រទះឃើញក្មេងស្រី អាយុ៣ឆ្នាំ យំឱបសាកសពស្ត្រីម្នាក់ នៅគម្ពោធព្រៃ ដោយសារតែគ្រូពេទ្យចិត្តអប្រិយ ដែលជាម្ចាស់គ្លីនិកឯកជន យីហោ «សុងហាក់ ម៉ារីណា» ប្រព្រឹត្តិអំពើផ្ទុយពីវិជ្ជាជីវៈ មានចេតនាចង់បិទបាំងនៅការព្យាបាលរបស់ខ្លួន ដែលធ្វើអោយអ្នកជំងឺបានស្លាប់ រួចយកជនរងគ្រោះនឹងក្មួយស្រីដឹកតាមរថយន្តមកផ្លុងចោលក្នុងព្រៃស្ងាត់មួយកន្លែងទាំងកណ្តាលយប់ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ការប្រព្រឹត្តទង្វើអមនុស្សធម៌ ដ៏សាហាវ និងឃោឃៅបែបនេះ ត្រូវបានមហាជននាំគ្នារិះគន់ ដោយនាំគ្នាបញ្ចេញមតិតិះដៀលលើទង្វើរបស់បុគ្គលគ្រូពេទ្យពីរនាក់ ប្តី-ប្រពន្ធនេះកប់ៗមាត់ ព្រោះមិនអាចលើកលែងឱ្យ និងគួរស្អប់ខ្ពើមជាទីបំផុតក្នុងសង្គម។

តាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាលនៃស្នងការនគរបាលខេត្តតាកែវ បានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ករណីប្រទះឃើញសាកសពស្ត្រីម្នាក់ រួមជាមួយក្មេងស្រី អាយុ ៣ឆ្នាំ នៅអង្គុយយំឱបសពនៅក្នុងគម្ពោធព្រៃ កាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញាអមអាយ្យការសាលាដំបូងខេត្ដ បានបញ្ជាអោយកងកំលាំងនគរបាលជំនាញសហការណ៍ជាមួយកំលាំងនគរបាលស្រុកបាទី ចុះទៅដល់កន្លែងកើតហេតុធ្វើការសាកសួរ ពិនិត្យវិភាគ និងប្រមូលវត្ថុតាងនៅជុំវិញកន្លែងកើតហេតុភ្លាមៗ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់តាមជំនាញបច្ចេកទេស និងជំនាញផ្នែកព្រហ្មទណ្ឌសម​​ត្ថ​កិច្ចបានធ្វើការកំណត់មុខសញ្ញាបាន រហូតឈានដល់ការឃាត់ខ្លួនគ្រូពេទ្យពីរនាក់ ប្ដី-ប្រពន្ធ រួមមាន ឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំ ជាម្ចាស់គ្លីនិកឯកជន យីហោ «សុងហាក់ ម៉ារីណា» នាំមកកាន់ការិយាល័យប៉ូលិស ដើម្បីសាកសួរតាមនិតិវិធី។

ក្រោមការសួរនាំយ៉ាងយកចិត្តទុកដាក់ ម្ចាស់គ្លីនិកទាំងពីរនាក់ ប្តី-ប្រពន្ធ បានសារភាពថា៖ «ខ្លួនពិតជាបានធ្វើសកម្មភាពដឹកសពស្ត្រីរងគ្រោះ និងក្មេងស្រីម្នាក់ យកទៅផ្លុងចោលនៅក្នុងព្រៃពិតប្រាកដមែន»។ បន្ទាប់ពីធ្វើការសារភាព បុគ្គលជាគ្រូពេទ្យ ប្រព្រឹត្តកំហុសឆ្គងក្នុងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើត្រាប់ឡើងវិញ អំពីសកម្មភាពរបស់ខ្លួនដែលបានធ្វើលើជនរងគ្រោះផងដែរ

សូមជម្រាបថា កាលពីវេលាម៉ោង ៦និង៤៥នាទី ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ មានករណីគ្រូពេទ្យគ្លីនិកឯកជនមួយកន្លែង មានស្លាកយីហោ មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានព្យាបាលខុសបច្ចេកទេស ដោយប្រើប្រាស់ឱសថខុសនាំឱ្យប្រតិកម្មថ្នាំ បណ្តាលឱ្យអ្នកជំងឺម្នាក់ មានឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ បានស្លាប់ និងបានដឹកសពស្ត្រីរងគ្រោះ រួមជាមួយនឹងក្មួយស្រីម្នាក់ទៀត មានឈ្មោះ ណូន សៀវហ្វាន អាយុ ៣ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី យកទៅប្លុងចោលក្នុងព្រៃចំងាយប្រមាណជាង ៣០០ ម៉ែត្រ ពីគ្លីនិករបស់ខ្លួន ដើម្បីបំបិទភស្តុតាង។

ក្រុមគ្រួសារអ្នកជំងឺបានបាត់ជនរងគ្រោះ និងក្មេងស្រីមិនឃើញត្រឡប់មកផ្ទះវិញ កើតមានការភិតភ័យ និងបាននាំគ្នាទៅដើររកជនរងគ្រោះ រហូតដល់ម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ក៏ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះនៅក្នុងព្រៃខាងត្បូងភូមិ និងមិនឃើញជនរងគ្រោះទេ។ លុះដល់វេលាម៉ោង ០៥និង៤​៥​​​​​​នាទីព្រឹ​ក ថ្ងៃទី១៩ ខែវិច្ឆិកា ទើបប្រជាពលរដ្ឋ បានប្រទះឃើញសពជនរងគ្រោះ និងក្មេងស្រីអង្គុយក្បែរសព នៅចំណុចគុម្ភដើមសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានរាយកាណ៍ជូនសមត្ថកិច្ចភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ និងឈានឃាត់ខ្លួនម្ចាស់គ្លីនិកឯកជន យីហោ «សុងហាក់ ម៉ារីណា» យកមកសួរនាំតែម្តង។

ក្រោយកើតមានករណីនេះ មន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ថា៖ «ករណីស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី នៅទីតាំងផ្តល់សេវាសុខាភិបាលឯកជន យីហោ សុងហាក់ ម៉ារីណា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺឥតច្បាប់អនុញ្ញាតិឡើយ» ករណីនេះ មន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គឺបញ្ឈប់ដំ​ណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ មានឈ្មោះ «សុងហាក់ ម៉ារីណា» ដោយមិនឱ្យមានសកម្មភាពជាដាច់ខាត  ហើយអាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផងដែរ។

មន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ថា៖ «មន្ត្រីជំនាញនៃមន្ទីរសុខាភិបាកលខេត្ត សហការជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្ករតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»។ 

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការសាកសួរ និងឱ្យត្រាប់រួចរាល់ បុគ្គលជាគ្រូពេទ្យទាំងពីរនាក់ប្តីប្រពន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕