2024-11-20 10:11
10

តាកែវ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានចេញសេចក្តីជូនដំណឹង និងព្រមានដល់ក្រុមហ៊ុន ឬបុគ្គលដែលកំពងុធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើបជាដើម ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ពុំដូច្នេះទេ នឹងអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍។

ក្នុងសេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់សកម្មភាពនៃការផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវា អ៊ុនធឺណិតដល់បុគ្គលដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ បានឱ្យដឹងថា៖ កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍មួយចំនួន បានសហការ និងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយ បន្ត (Reseller) នៅតាមបុរី, អគារសហកម្មសិទ្ធិ, អគារពាណិជ្ជកម្ម, អគារខ្ពស់ និងផ្សារទំនើប ជាដើម ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំងមួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខ ដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍។

ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការណែនាំ ដូចខាងតទៅ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវបញ្ឈប់ទាំងស្រុងរាល់ការលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិតទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពី ន.ទ.ក.។ ក្រុមហ៊ុន ឬបុគ្គល ដែលកំពុងធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពី ន.ទ.ក. ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

ក្នុងលិខិរបស់អភិបាលខេត្តតាកែវ បានបញ្ជាក់ថា៖ «ផ្អែកតាមមាត្រា ១៤ មាត្រា ១៧ មាត្រា ៩១ និងមាត្រា ៩២ នៃច្បាប់ស្តីពី ទូរគមនាគមន៍ ការធ្វើប្រតិបត្តិការ ដោយគ្មានអាជ្ញាបណ្ណ ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ០០០ ០០០រៀល ទៅ ១០ ០០០ ០០០រៀល ហើយចំពោះនីតិបុគ្គលដែលប្រព្រឹត្តបទល្មើសនេះ ត្រូវរងពិន័យជាប្រាក់ពី ៥០០ ០០០ ០០០រៀល ទៅ ១ ០០០ ០០០ ០០០រៀល ព្រមទាំងទោសបន្ថែមដូចដែល មានចែងក្នុងមាត្រា ១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ»។

ក្នុងនោះរដ្ឋបាលខេត្តតាកែវ បានណែនាំដល់ ក្រុមហ៊ុន ឬបុគ្គលដែលកំពុងមានកិច្ចសន្យាផ្តាច់មុខជាមួយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ត្រូវតែបញ្ឈប់រាល់កិច្ចសហការ ឬបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត។ ផ្អែកតាមមាត្រា ៦២ មាត្រា ១០២ និងមាត្រា ១០៣ នៃច្បាប់ស្តីពី ទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ដែលធ្វើការប្រកួតប្រជែងមិនស្របច្បាប់ ត្រូវរងការព្រមានជាលាយលក្ខណ៍អក្សរដោយភ្ជាប់នូវលក្ខខណ្ឌកែតម្រូវសម្រាប់រយៈពេលកំណត់ណាមួយ ដោយ ន.ទ.ក. ហើយក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ៥០ ០០០ ០០០រៀល ទៅ ១០០ ០០០ ០០០រៀល។ ចំពោះនីតិបុគ្គល ដែលប្រព្រឹត្តបទល្មើសនេះ ត្រូវពិន័យជាប្រាក់ពី ៥០០ ០០០ ០០០រៀល ទៅ ១ ០០០ ០០០ ០០០រៀល ព្រមទាំងទោសបន្ថែមណាមួយ ឬច្រើន ដូចដែលមានចែងក្នុងមាត្រា ១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) នឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីល្មើសច្បាប់នេះ ស្របតាមច្បាប់ ស្តីពី ទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងវិស័យទូរគមនាគមន៍ ការពង្រឹងគុណភាពសេវាអ៊ីនធឺណិត ការលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និង ស្របច្បាប់ ព្រមទាំងធានានូវតម្លៃសមស្របជូនដល់អ្នកប្រើប្រាស់។

ពាក់ព័ន្ធបញ្ហានេះ សាធារណជនដែលមានព័ត៌មាន អំពីសកម្មភាពដូចខាងលើ មេត្តាជួយផ្តល់ព័ត៌មានមក ន.ទ.ក. តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារមកកាន់អីមែលៈ qos@trc.gov.kh ន.ទ.ក. នឹងរក្សាការសម្ងាត់។ រដ្ឋបាលខេត្តតាកែវ សូមប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនទាំង អស់មេត្តាជ្រាប និងចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕