2024-11-01 11:27
32

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីនៃក្រសួងសុខាភិបាលបានអញ្ជើញចូលរួមប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូច បន្ថែមនៅទូទាំងប្រទេសដល់កុមារចំនួនជាង ១លាន៥សែននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ បន្ថែមមួយដូស ដែលរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ។

យុទ្ធនាការនេះគឺជាដំណោះស្រាយបន្ទាន់មួយដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹលស្អូចនៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលនៅទាបដែលបច្ចុប្បន្ននៅលើសកលលោកករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី ១៧០,០០០ករណី ក្នុងឆ្នាំ២០២២ ដល់ ៣២០,០០០ករណី ក្នុងឆ្នាំ២០២៣។ 

យុទ្ធនាការយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូច ទូទាំងប្រទេសនេះ គឺជាវិធានការសំខាន់មួយ ដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាល ការពារពីការរីករាលដាលនៃជំងឺនានានិងគាំទ្រដល់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល។

នៅក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមនាំកូនដែលមានអាយុចាប់ពី ៩ខែ រហូតដល់ក្រោម ៥ឆ្នាំ មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការឱ្យបានគ្រប់ៗគ្នា ក្នុងអំឡុងពេលយុទ្ធនាការនេះ ដែលមាននៅតាមសាលារៀន មណ្ឌលសុខភាព ឬ តាមរយៈបុគ្គលិកផ្តល់ថ្នាំបង្ការនៅតាមភូមិទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាលកុំបីខាន។ជាមួយគ្នានោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាលនិងដៃគូអភិវឌ្ឍន៍ទាំងអស់ប្រឹងប្រែងសហការរួមគ្នាដើម្បីធានា បានថាអត្រាការគ្របដណ្តប់វ៉ាក់សាំងឱ្យបានខ្ពស់ដើម្បីការពារកុមារទាំងអស់ទូទាំងប្រទេសជៀសផុតពីជំងឺទាំងពីរនេះ។

យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច បន្ថែមនេះនឹងប្រើប្រាស់វ៉ាក់សាំង និងសឺរ៉ាំងដែលត្រូវបានទទួលស្គាល់គុណភាពដោយអង្គការសុខភាពពិភពលោក (WHO) ដែលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូចនេះ គឺមានសុវត្ថិភាព ប្រសិទ្ធភាព និងទទួលដោយឥតគិតថ្លៃ។ 

យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច នេះនឹងចែកចេញជាពីរដំណាក់កាល៖ដំណាក់កាលទីមួយ នឹងគ្របដណ្តប់ខេត្តចំនួន១៣ (បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ឧត្តរមានជ័យ រាជធានីភ្នំពេញ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និងខេត្តត្បូងឃ្មុំ) ចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងដំណាក់កាលទីពីរនឹងគ្របដណ្តប់ខេត្តចំនួន១២ (ខេត្តកំពង់ឆ្នាំង កំពត កោះកុង មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និងខេត្តកែប) ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

យុទ្ធនាការនេះដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាលនិងមានការគាំទ្រដោយអង្គការ              សម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំងនិងការផ្ដល់ថ្នាំបង្ការ(Gavi)និងមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោក(WHO)អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ ៕