2024-11-01 11:37
31

ខេត្តសៀមរាប៖ ចំនួនទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលទស្សនានៅខេត្តសៀមរាប ក្នុងកំឡុងការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាចាប់ពីថ្ងៃ ទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានចំនួនប្រមាណ ៤៤ ៨២៤នាក់ ក្នុងនោះទេសចរអន្តរជាតិមានចំនួន ៦០២៤នាក់ ទេសចរជាតិនិងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៣៨៨០០នាក់។ 

នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤នេះ។

ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទីពីរនេះធ្វើឡើងដើម្បីអបអរសាទរខួប ២០ព្រះវស្សា នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងគោលបំណងរួមគ្នា ជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា។

ទន្ទឹមនឹងនេះ ក៏ជាការគាស់រំលឹកឡើងវិញពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ ពីការបង្ហាញទម្រង់នៃសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិបានទស្សនាបានស្គាល់និងបានយល់នាពេលនេះកម្មវិធី“ស្នាមញញឹមនៃកម្ពុជា”ក៏ត្រូវបាននិម្មិតឡើងក្នុងគោលបំណងដ៏ធំបំផុតមួយ គឺជំរុញការផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាជាថ្មីម្ដងទៀតនៅចុងឆ្នាំ២០២៤ នឹងការត្រៀមខ្លួនរួចជាស្រេច នៃការឈានចូលមកដល់នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា ស្នាមញញឹមនៃកម្ពុជាលើកទី២នេះការសម្ដែងសិល្បៈផ្សេងៗអមជាមួយនឹងការតាំងពិព័រណ៌សិល្បៈវប្បធម៌ ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរនិងការសម្ដែងរបាំបុរាណខ្មែរជាច្រើនទម្រង់ ការរៀបចំពិព័រណ៍ភ្លក់ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ ការប្រគំតន្ត្រីខ្នាតតូច ការសម្តែងផ្ទាំងទស្សនីយភាពល្បែង របាំជាច្រើនទម្រង់ផងដែរ៕