2024-07-04 18:47
223

(កំពង់ចាម)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីបុគ្គលិកឆ្មបម្នាក់ ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ បានយកលុយចំនួន ៣០០,០០០រៀល ពីស្ត្រីអ្នកជំងឺម្នាក់មកប្រើប្រាស់សេវាសុខាភិបាល ទោះបីជាមានប័ណ្ណមូលនីធិសមធម៌សុខាភិបាល។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះភ្លាមៗ បន្ទាប់មកក៏បានបញ្ជាក់ថាករណីនេះបានកើតឡើងពិតប្រាកដមែន ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះបានបញ្ជាក់ថា ទី១ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ មានស្រ្តីម្នាក់ឈ្មោះ ញ៉ែម សុខនាត អាយុ ៣០ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ផ្នែកសម្ភព-រោគស្ត្រី ដោយសារទារកស្លាប់ក្នុងពោះ (អាយុ ១២              សប្ដាហ៍) តាមរយៈពិនិត្យអេកូនៅកន្លែងឯកជន និងមានធ្លាក់ឈាមតាមទ្វារមាស បន្ទាប់មកបុគ្គលិកឆ្មបបានរៀបចំព្យាបាលទៅតាមបច្ចេកទេស។

ទី២ បុគ្គលិកឆ្មបដែលបានព្យាបាលស្ត្រីខាងលើនេះពិតជាបានយកលុយប្រាកដមែន ទោះបីដឹងថាគាត់មានបណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានធ្វើការណែនាំកែលម្អដល់បុគ្គលិកឆ្មបដែលប្រព្រឹត្តកំហុស ព្រមទាំងទទួលអនុវត្តវិធានការវិន័យផ្សេងៗទៀត តាមក្រុមប្រឹក្សាវិន័យដើម្បីរៀនសូត្រ និងកែប្រែខ្លួនឱ្យបានល្អ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ។

ក្រុមការងារមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ និងមន្ទីរសុខាភិបាលសូមថ្លែងអំណរគុណដល់បងប្អូនសាធារណជន ចំពោះព័ត៌មានជាក់លាក់ដែលបានផ្ដល់មកឱ្យក្រុមការងារដើម្បីចូលរួមលើកកម្ពស់កែលម្អរគុណភាព ឱ្យកាន់តែប្រសើរឡើងនូវសេវាថែទាំព្យាបាលរបស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តកំពង់ចាម ។