2024-07-06 20:54
282

ភ្នំពេញ៖ ដោយអនុវត្តតាមគោលការណ៍របស់ លោកឧបនាយកដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបើកសហប្រតិប្តិការបោសសំអាតគ្រឿងញៀន ទូរសព្ទដៃ និងវត្ថហាមឃាត់នានា នៅក្រមខ័ណ្ឌតាមមណ្ឌលកែប្រែ និងពន្ធនាគារគ្រប់រាជធានី ខេត្ត ទូទាំងប្រទេស។

សហប្រតិបត្តិការនេះ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចុះឆែកឆេរស្វែងរកវត្ថុហាមឃាត់តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស សំដៅធានាសន្តិសុខ សុវត្ថិភាព បង្ការទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសទូរសព្ទដៃ និងគ្រឿងញៀន រួមទាំងវត្ថុសម្ភារៈបង្កហានិភ័យដែលជនជាប់ឃុំលួចលាក់នាំចូល ឬរក្សាទុក ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធនាគារ។

អនុវត្តន៍តាមគោលការណ៍អនុញ្ញាតដ៏ខ្ពងខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨និង៣០នាទី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដាក់បញ្ជាម៉ឺងមាត់បើកយុទ្ធនាការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងរាជធានីខេត្ត។

នាវេលាដដែលនោះ លោកអគ្គនាយកពន្ធនាគារ បានចុះដឹកនាំបញ្ជាដោយផ្ទាល់ជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយនិងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ សរុបចំនួន ៤៤៧នាក់ ចុះឆែកឆេរមណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគាររាជធានីភ្នំពេញ។

កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ជាលទ្ធផលក្នុងក្របខណ្ឌទូទាំងប្រទេសបានរកឃើញ និងដកហូតទូរសព្ទ ចំនួន ០២គ្រឿង និងវត្ថុហាមឃាត់មួយចំនួនដែលមិនផ្តល់ផលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារឡើយ។

លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងប្រតិបត្តិការចុះឆែកឆេរនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ទូទាំងប្រទេស ព្រមទាំងស្នងការរាជធានី ខេត្ត ចំនួន ៤៦៩នាក់ ទូទាំងរាជធានី ខេត្ត ជាមួយនិងបងប្អូនជាថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន ១ ៥៧៥នាក់ សរុបទាំងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារមាន ចំនួន ២០៤៤នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការដ៏មានសារៈប្រយោជន៍សំរាប់ការងារគ្រប់គ្រងពន្ធនាគារប្រកបដោយសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់៕