2024-08-05 16:28
223

ភ្នំពេញ៖ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ជាអគ្គនាយកស្ថានីយ៍ទូរទស្សន៍ អឹម អេស ជេ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានប្រារពពិធីចូលរួមអបអរសាទរ ពិធីបើកការដ្ឋានផ្លូវការ «គម្រោងព្រែកជីកហ្វូណនតេជោ» នៅស្នាក់ការសមាគមស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះ មានការចូលជួបជុំគ្នារបស់ពីសមាជិក សមាជិការបស់សមាគម និងបុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍ អឹម អេ ជេ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរួបផងដែរ។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ បានថ្លែងថា៖ «ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដំបូងរបស់ប្រជាជនកម្ពុជាទាំងអស់ ដែលទទួលសមិទ្ធិផលថ្មីមួយទៀត។ សម្រាប់ដំណើរការនៃការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ កាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប នឹងនាំមកនូវឧត្តមភាពផ្នែកសេដ្ឋកិច្ចដ៏ធំធេងដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល»។ 

លោកបណ្ឌិតបានបន្ថែមថា៖ ក្នុងនាមប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ សមាជិក សមាជិកាទាំងអស់ និងកក្នុងនាមខ្លួនលោកផ្ទាល់ ពិតជាមានមោទនភាពរីករាយយ៉ាងក្រៃលេង ចំពោះដំណើរបោះជំហានជាប្រវត្តិសាស្រ្ត នៃការចាប់ផ្តើមសាងសង់ «គម្រោងព្រែកជីកហ្វូណនតេជោ» ដ៏អស្ចារ្យនេះ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តអនុវត្តដោយផ្ទាស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

«គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាព នៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។ ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងគម្រោងផ្លូវនាវាចរណ៍ ត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ។

សូមបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន គឺជាគម្រោង BOT ដែលវិនិយោគដោយក្រុមហ៊ុនឯកជន ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរមានភាគហ៊ុនធំ និងមានការចូលរួមពីក្រុមហ៊ុនបរទេសតែមួយផ្នែកប៉ុណ្ណោះ ដែលគ្រោងចំណាងទន់អស់ប្រមាណជាង ១៧០០លានដុល្លារអាមេរិក ហើយគម្រោងនេះ វាមិនបានធ្វើឲ្យបាត់បង់ទឹកដី និងអធិបតេយ្យភាពជាតិដូចក្រុមប្រឆាំងមួយក្តាប់តូចលើកឡើងនោះទេ៕