2024-08-05 20:58
212

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព លោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) បានធ្វើការកោតសរសើរចំពោះការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទានៅកម្ពុជា។

ការកោតសរសើរពីការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន របស់នាយកប្រតិបត្តិមូលនិធិ Nippon ធ្វើឡើងក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នារសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រយៈពេលជាង ៣០ឆ្នាំមកនេះ លោកនាយកប្រតិបត្តិមូនិធិ Nippon សូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា លើការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា ព្រមទាំងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជាពិសេសការគ្របដណ្ដប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។ តាមរយ:កិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏បានផ្តល់ការបណ្ដុះបណ្ដាលដល់និស្សិតបរទេសមួយចំនួន ដែលនេះជាមោទនភាពមួយរបស់កម្ពុជា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអអរគុណ និងកោតសរសើរចំពោះមូលនិធិ Nippon ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យស្ដានីតិសម្បទា អប់រំ  និងសុខាភិបាល នៅកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ដោយកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ។ សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា មូលនិធិ Nippon នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីគាំទ្រវិស័យដ៏សំខាន់នេះ»