2024-05-10 15:50
258

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត ម៉ាកstarex ឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក PALISADEដែលកំពុងតែបើកឆ្លងផ្លូវចំពាក់កណ្តាលចំហៀងខាងស្តាំពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៥កែងផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកPALISADE ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BX-6299បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចមកកើតឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ខណៈពេលឆ្លងដល់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកstarex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-2586 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ១៥៥កក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកចំពាក់កណ្តាលចំហៀងខាងស្តាំរថម៉ាក PALISADE យ៉ាងពេញទំហឹងបណ្តាលឱ្យក្រពឹតរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ចំណែកភាគីម្ចាស់រថយន្តនៅនឹងកន្លែងកើតហេតុរង់ចាំការដោះស្រាយគ្នាមួយជំហានសិន។

បន្ទាប់ពីកើតហេតុ ដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕