2024-05-12 17:50
341

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ។ នេះបើយោងតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។
   តាមរយៈសារលិខិត នាយឧត្តមសេនីយ៍ ស ថេត បានឱ្យដឹងថា៖ «ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលស្ថិតក្នុងបរិយាកាសដ៏ប្រសើរថ្លៃថ្លានេះ ក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមចូលរួមអបអរសាទរដោយក្តីសោមន្សរីករាយ ជាមួយបងប្អូនកងកម្លាំងនគរបាលជាតិទូទាំងប្រទេស និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយសេចក្តីស្រឡាញ់ រាប់អាន និងនឹករលឹកជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ថ្នាក់ ក៏ដូចជានិវត្តន៍ជននគរបាលជាតិទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងរួមចំណែកការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី នាំមកនូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»។
   ទន្ទឹមនេះក៏សូមផ្តាំផ្ញើសាកសួរសុខទុក្ខដល់មន្ត្រីនគរបាលជាតិ និងក្រុមគ្រួសារដែលមានជំងឺ ឬរងរបួស កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬតាមគេហដ្ឋាន សូមឆាប់ជាសះស្បើយ បានវិលត្រឡប់មករួមរស់ជួបជុំក្រុមគ្រួសារ មិត្តភក្តិ សហការី និងបានចូលបម្រើការងារនៅតាមអង្គភាពវិញ។ ក្នុងខណៈពេលនេះផងដែរ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានលះបង់ស្វាមី ភរិយា កូនចៅ និងសមាជិកគ្រួសារ ចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ ដោយបានបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិ តាំងពីដើមរហូតមក។
  ការប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ ក្នុងគោលបំណងដើម្បីសម្តែងកត្តញ្ញុតាធម៌ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួលស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា បន្សល់ទុកនូវគំរូវីរភាពដ៏ឧត្ដុង្គឧត្តមសម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពរីកចម្រើន៕