2024-06-05 15:28
231

(កំពត)៖   កាលពីរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ លោក ជំទាវ វីស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ តែជាប្រទេសគ្រឿងញៀនឆ្លងកាត់ ប៉ុន្តែបទល្មើសគ្រឿងញៀនក៏បាននិងកំពុងយាយី ក្តីសុខ សុវត្ថិភាព  អនាគតគ្រួសារពលរដ្ឋផងដែរ។

គ្រឿងញៀនបង្កឲ្យប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គម ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ សិស្សានុសិស្ស និងពលរដ្ឋត្រូវគិតថា ការទប់ស្កាត់បទល្មើសគ្រឿងញៀន ជាការងារយើងទាំងអស់គ្នា។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន រៀបចំដោយក្រសួងអធិការកិច្ច សហការជាមួយអាជ្ញាធរខេត្តកំពត ក្រោមកិច្ចសម្របសម្រួលពីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត នៅវិទ្យាទូកមាស ស្រុកបន្ទាយមាស លោក ជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា រាជរដ្ឋភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះបានដាក់ចេញនូវបទបញ្ជា០១ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថាកងកម្លាំង មន្ត្រីរាជការទាំងអស់ មិនពាក់ព័ន្ធនឹងការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ហើយក្នុងករណីមន្ត្រីណាម្នាក់ពិនិត្យឃើញសារធាតុញៀន នឹងលប់ឈ្មោះចោល ឬដកចេញពីក្របខ័ណ្ឌ។  

លោកទំទាវរដ្ឋលេខាធិការបានបន្តថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានាបានខិតខំយ៉ាងខ្លាំងចំពោះការងារគ្រឿងញៀននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ចរាចរគ្រឿងញៀន ទីតាំងផលិត កែច្នៃ និងកន្លែងរក្សាទុកគ្រឿងញៀនខុសច្បាប់ ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន នៅគ្រប់មូលដ្ឋាន គ្រប់ទម្រង់និងគ្រប់រូបភាព សម្រេចបានលទ្ធផលល្អគួរឲ្យកត់សំគាល់។

យ៉ាងណាក៏ដោយ លោកជំទាវជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងត្រូវចាត់ទុកថាការចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ជាការងារយើងទាំងអស់គ្នា បើមានករណីសង្ស័យត្រូវរាយការណ៍ទៅសមត្ថិកិច្ច ឬអាជ្ញាធរភ្លាម ។

បើតាមមន្ត្រីជំនាញ និងគ្រូគ្រូឧទ្ទេសឲ្យដឹងថា គ្រឿងញៀនចែកជាពីរប្រភេទ គឺគ្រឿងញៀនធម្មជាតិ (ដើមអាភៀន កញ្ឆា) និងគ្រឿងញៀនសំយោគ (ខេ ម៉ាទឹកកក យ៉ាម៉ា យ៉ាបា)  គ្រឿងញៀនអាចប្រើដោយការហិត លេប ចាក់ និងជក់។

គ្រឿងញៀនលប់បំបាត់មិនបានទាំងស្រុងទេ នៅលើពិភពលោកនេះ  ដោយសារគ្រឿងញៀនមួយចំនួនស្របច្បាប់ ត្រូវបានគេយកទៅប្រើក្នុងផ្នែវេជ្ជសាស្ត្រ ដើម្បីផលិត ជាំថ្នាំស្ពឹក ថ្នាំសណ្តំ ឬសន្លប់ជាដើម) ប៉ុន្តែបើយើងគ្រប់គ្នា មិនប្រើប្រាស់គ្រឿងញៀនទេ ទីផ្សារចែកចាយក៏គ្មានដែរ ហើយបទល្មើសគ្រឿងញៀនក៏គ្មានទៀតដែរ។(សឹង រ៉ាត់)