(ត្បូងឃ្មុំ)៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានធ្វើរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលការងារដែលក្រុមប្រឹក្សាខេត្តអាណត្តិទី៣ សម្រេចបានសមិទ្ធិផលជាច្រើន ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដ៏ឆ្នើម និងឈ្លៀសវៃបំផុតក្នុងការកែទម្រង់ការងាររដ្ឋបាល ជាពិសេសការអនុវត្ត នូវគោលនយោបាយអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោកអភិបាលខេត្ត បានបន្ថែមថា មួយវិញទៀតនោះ ដោយការអនុវត្តគោលការណ៍ណែនាំ និងការចង្អុលបង្ហាញដោយផ្ទាល់ពីក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ចុះទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសជំរុញ បណ្តាមន្ទីរ/ អង្គភាព ជមនាញជុំវិញខេត្ត ឱ្យអនុវត្តការងារទៅតាម ជំនាញនីមួយៗ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
ស្ថិតក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាខេត្តទាំងអស់ដែលបានជាប់ឆ្នោត ជាក្រុមប្រឹក្សាខេត្ត នាអណត្តិថ្មីនេះ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញកិច្ចការងារ ជូនប្រជាពលរដ្ឋ ជាពិសេសក្រោយពីការប្រកាស់សមាសភាពក្រុមប្រឹក្សាខេត្ត បានចប់សព្វគ្រប់រួចរាល់សូមក្រុមប្រឹក្សាខេត្តទាំងអស់ធ្វើការបើកកិច្ចប្រជុំសាមញ្ញ និងវិសាមញ្ញ ដើម្បីលើកទិសដៅអភិវឌ្ឍន៍បន្ត។
គួរបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំនោះ មានរបៀបវារៈ ចំនួន៤រួមមានទី១៖ ការផ្សព្វផ្សាយ អំពីសេចក្ដីណែនាំលេខ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត, ទី២៖ ការផ្ដួចផ្ដើមរៀបចំសេចក្ដីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២, ទី៣៖ ស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត អាណត្តិទី៣ របស់ក្រុមប្រឹក្សា និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ ដែលក្រុមប្រឹក្សាផុតអាណត្តិ ដែលត្រូវអនុវត្តបន្ត និងបញ្ហាផ្សេងៗ ៕