2024-06-15 23:08
247

(ត្បូងឃ្មុំ)៖ គណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបូកការងារប្រចាំខែឧសភា និងទិសដៅភារកិច្ចការងារ ប្រចាំខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
​​​​  នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ បន្តសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយឲ្យបានល្អ បន្តអនុវត្តន៍តាមគោលនយោបាយ និងគោលការណ៍គណបក្ស ធានាប្រសិទ្ធភាព ប្រសិទ្ធផលការងារ ជូនគណបក្ស។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យប្រធានសាខាបក្ស ត្រូវពង្រឹងរចនាសម្ព័ន្ធ រៀបចំឲ្យមានការប្រជុំជីវភាពប្រចាំខែ ក្តាប់ឲ្យបានរាល់សំណើ សំនូមពរ ជាបញ្ហាប្រឈម របស់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីដោយស្រាយ ធានាឲ្យបាននូវសមានចិត្តពលរដ្ឋ មានមកកាន់គណបក្ស។
   លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ រៀបចំឲ្យបានត្រឹមត្រូវ និងពង្រឹងសមត្ថភាពយល់ដឹងក្នុងការអនុវត្តការងារ អោយបានច្បាស់លាស់ នៅចំណុចខ្លាំង និងចំណុចខ្សោយ ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តលើទិសដៅភារកិច្ចការងារ ដើម្បីធានាបានប្រសិទ្ធភាពការងារ។
លោកបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារយ៉ាងសកម្មដែលសម្រេចបាន និងផែនការខែបន្ទាប់ តាមរយៈរបាយការណ៍បូកសរុបការងារគណបក្សប្រចាំខែឧសភា និងទិសដៅភារកិច្ច ខែមិថុនា ឆ្នាំ២០២៤ ដែលអានដោយ លោក កេង ប៊ុនណា អនុប្រធានគណបក្ស និងជាប្រធានប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តផងដែរ៕