2024-06-19 20:03
264

ត្បូងឃ្មុំ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាឱកាអញ្ជើញធ្វើពិធីក្រុងពាលីសាងសង់អគារទទួលភ្ញៀវ អគារស្នាក់នៅ និងប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភីតែងកំណាព្យ ចម្រៀង និងគូររូបលើប្រធានបទ៖ «ដំណើររំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តកាលពី៤៧ឆ្នាំមុន» ដោយមានធ្វើការពន្យលើអំពីអត្ថន័យពាក្យថា «X16» ដើម្បីស្រាយចំងល់ឱ្យអស់ដែលមានមតិជាច្រើនបានចោទសួរ។
នៅព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការពន្យល់ពាក្យថា «X16» ដែលមានអ្នកសួរច្រើន៖ «ពាក្យថា X16 គឺជានិយាមកាមផែនទីដែលបែងចែកទឹកដីព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលមានចំងាយពីអក្សព្រំដែនប្រវែងប្រមាណ ១០០ម៉ែត្រប៉ុណ្ណោះ ហើយប្រាង្គដែលនៅទីនេះ គឺតម្កល់ព្រះអង្គគោកធ្លក»។ នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា៖ «ឆ្លងតាមការសិក្សាព្រះអង្គគោកធ្លក គឺតំណាងឱ្យបូរណអធិបតេយ្យជាតិ តំណាងឱ្យទឹកដីខ្មែរដំបូង ដែលបានរចនាចម្លាក់ឡើងតាមព្រះរាជតំរិះរបស់ ព្រះមហាវរក្សត្យខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចកាលដែលអាណាចក្រខ្មែរកសាងប្រាសាទអង្គធំ»។
   សូមជម្រាបថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម «X16» ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម «X16» ជាទីតាំងស្លាកស្នាមប្រវត្តិសាស្ត្រមួយ នៃដំណើរតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ ក្នុងរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៧ឆ្នាំមុន។
ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលបច្ចុប្បន្ននេះ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម «X16» បានសាងសង់សំណង់ជាច្រើនមានដូចជា៖ រូបសំណាក់ព្រះអង្គគោកធ្លក, មហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនពលីជីវិតពេលតស៊ូរំដោះជាតិ, អគារមិត្តភាព, សារមន្ទីរតេជោកោះថ្ម, សាលាសំណាក់, វេទិកា, ស្រះទឹកស្តេចនាគមហាជ័យ, ទីលានចុះចតឧត្ថម្ភាគចក្រ, តារាងទីលានបាល់ទាត់, ដាំកូនឈើ និងផ្កាលម្អ ដាក់ភ្លើងបំភ្លឺផ្លូវ កសាងផ្លូវកៅស៊ូ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
   កិច្ចកសាងនៅតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាមិនទាន់បញ្ចប់នៅឡើយ នៅពេលនេះ នាយឧត្តមសេនីយ៍ សៅ សុខា បន្តកសាងអគារសម្រាប់ទទួលភ្ញៀវ និងការស្នាក់នៅដែលមានតម្លៃប្រមាណជាង ១លានដុល្លារបន្ថែមទៀត។
បន្ទាប់ពីពិធីក្រុងពាលីសាងសង់អគារនេះទៅ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអញ្ជើញប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភីផ្នែកតែងកំណាព្យ ចម្រៀង និងគូររូប ពីលេខ១ ដល់លេខ៥ លើប្រធានបទ៖ «ដំណើររំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តកាលពី៤៧ឆ្នាំមុន» ក្នុងនោះជ័យលាភីលេខ១ ទទួលបានប្រាក់ឧបត្ថម្ភ ៤លានរៀល, លេខ២ ទទួលបាន ៣លានរៀល, លេខ៣ ទទួលបាន ២លានរៀល, លេខ៤ ទទួលបាន ១លានរៀល និងលេខ៥ ទទួលបាន ៥០ម៉ឺនរៀល៕