រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Susumu Tai កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាល។
នៅក្នុងជំនួបនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ និងសូមថ្លែងអំណរគុណ នូវការរួមចំណែកដ៏ធំធេងរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តលើកឡើងអំពីតម្រូវការជំនួយ នូវរថយន្តគិលានសង្គ្រោះបន្ថែមទៀត ឧបករណ៍សម្ភារបរិក្ខារពេទ្យ ជាពិសេសការផ្តល់អាហាររូបករណ៍ការបណ្តុះបណ្តាលសម្ថភាពបន្ថែម លើផ្នែកបច្ចេកទេស សុខភាពសាធារណៈ និងទំនាក់ទំនងអន្តរជាតិ ជាដើម ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា និងជួយលើកកម្ពស់សម្ថភាពបុគ្គលិកសុខាភិបាល និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាលនៅកម្ពុជា ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។
ជាការឆ្លើយតប ឯកឧត្តមកុងស៊ុលកិត្តិយស បានជម្រាបជូនថា ប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈ ឯកឧត្តមផ្ទាល់ នឹងផ្តល់ជូននូវរថយន្តគិលានសង្គ្រោះចំនួន ១គ្រឿងទៀត រួមជាមួយ វ៉ែនតាការពារភ្នែកសម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានសន្យាបញ្ជាក់អំពីគោលជំហរពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល តាមរយៈការខិតខំស្វែងរកជំនួយជារថយន្តគិលានសង្គ្រោះ ឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងការផ្តល់អាហាររូបករណ៍ ឲ្យចំតម្រូវការជាក់ស្តែងរបស់ក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំ និងបានសន្យាផ្តល់អាហារូបករណ៍បណ្ដុះបណ្តាលបន្តជូនដល់មន្ត្រីសុខាភិបាលកម្ពុជា ទៅសិក្សាជំនាញ នៅសាកលវិទ្យាល័យក្នុងទីក្រុងសេនដៃ ប្រទេសជប៉ុន។