2024-10-29 09:59
39

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ បានធ្វើពិធីចាប់ឆ្នោត(ឆ្លាក)ក្បាលដីជូនប្រជាពលរដ្ឋ៣៥គ្រួសាររស់នៅមិនរៀបរយ និងលិចទឹកអោយទៅរស់នៅស្របច្បាប់លើទីតាំងថ្មីក្បែរនោះនៃគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ស្ទឹងសិរីសោភ័ណនាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។

លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាព និងដឹកនាំលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ទទួលជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងសិរីសោភ័ណ លោកលៀម សុដា អភិបាលរងខេត្តទទួលបន្ទុកការរៀបចំដែនដី សំណង់និង សុរិយោដី...សហការី ក្នុងពិធីចាប់ឆ្នោត(ឆ្លាក)ក្បាលដីជូន ប្រជាពលរដ្ឋ៣៥គ្រួសារ/លើ៣៦គ្រួសារដែលជាក់ស្តែងរស់នៅអចិន្ត្រៃយ៍ មានផ្ទះសម្បែងពិតប្រាកដ ដែលរស់នៅមិនរៀបរយលើដីមាត់ស្ទឹងហើយតែងតែលិចទឹកជាប់មាត់ស្ទឹងសិរីសោភ័ណចំណុចចន្លោះស្ពានបេតុងសម្តេចតេជោហ៊ុន សែននិងស្ពានវត្តព្រះពន្លាត្រើយខាងលិចគឺស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។

ហើយពួកគាត់ព្រមព្រៀង ស្ម័គ្រចិត្តទៅរស់នៅលើដីឡូតិ៍បែងចែកក្បែរនោះដដែល តែស្របច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចចេញប័ណ្ណសម្គាល់អចលនវត្ថុជូននិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ២ខ្សែ មានបណ្តាញភ្លើងអគ្គីសនី បណ្តាញទឹកស្អាត  មានលូបង្ហូរបង្ហូរកាកសំណល់កខ្វក់ ,សេវាសុខាភិបាល សន្តិសុខជាដើម…។

បើយោងលោកស្រី ឆាត សុជាចៅសង្កាត់ព្រះពន្លា,លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណអោយដឹងថា៖ បងប្អូនប្រជាពលរដ្ឋទាំង៣៦គ្រួសារ(ក្នុងនោះមេគ្រួសារម្នាក់បានស្លាប់) ពួកគេស្រុះស្រួល ស្ម័គ្រចិត្តរុះរើផ្ទះ ផ្លាស់ប្តូរទីតាំង ។ពោលគឺបន្ទាប់ពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចសម្របសម្រួល ។

ឯទីតាំងចាស់នោះត្រូវអាជ្ញាធរយកទៅអភិវឌ្ឍន៍ជាសួនច្បារថ្មីនិងស្តូបសួនតេជោសន្តិភាព នៅមាត់ស្ទឹងសិរីសោភ័ណដែលស្ថិតនៅចន្លោះស្ពានបេតុងសម្តេចតេជោហ៊ុន សែននិងស្ពានវត្តព្រះពន្លា ត្រើយខាងលិច។

ចំណែកលោកមាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យក៏បានដឹកនាំមន្ត្រីជំនាញធ្វើការវាស់វែង បោះបង្គោលសម្រាប់កំណត់ក្បាលដីឡូតិ៍ទល់គូថគ្នា(៤គុណ១២ម៉ែត្រ) , ដែលមានប័ណ្ណសម្គាល់កម្មសិទ្ធិលើអចលនវត្ថុ(ប្លង់រឹង) ,ផ្លូវបេតុង២ខ្សែ( ១ខ្សែជាប់មាត់ស្ទឹងនិង១ខ្សែទៀត នៅជាប់ខាងលិចនោះ) ។

លោកអ៊ុ រាត្រី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលកន្លងមកសហការ ព្រមព្រៀងផ្តិតមេដៃលើបែបបទរបស់អាជ្ញាធរមានសមត្ថកិច្ចនិងឈានដល់រុះរើលំនៅឋានមកត្រៀមសង់នៅទីតាំងថ្មីនិងក៏ថ្លែងអំណរគុណដល់មន្ត្រីក្រុមការងារដែលមានចចារសម្របសម្រួល ឈានដល់បានលទ្ធផលល្អ។ និងក្រុមការងារច្រើនផ្នែកទៀតដែលបាននឹងកំពុងអនុវត្តគម្រោងការនេះអោយបានលទ្ធផលល្អ ប្រកបដោយការទទួលខុសត្រូវ ។

សូមរំលឹកថា នៅគោលដៅនោះ មានការសាងសង់២ផ្នែក ៖ទី១-សួនតេជោសន្តិភាពសាងសង់លើផ្ទៃដី៣០គុណ២៦ម៉ែត្រនិងសាងសង់ស្តូបធ្វើពីបេតុង ថ្មកំពស់៩.៣៣ម៉ែត្រ អមដោយសួនច្បារ។គម្រោងនេះត្រូវប្រើប្រាសថវិការបស់ក្រុមគ្រួសារលោកអ៊ុ រាត្រី អភិបាលខេត្តផ្ទាល់ ។និងទី២- សួនច្បារថ្មីមាត់ស្ទឹងសិរីសោភ័ណលើផ្ទៃដីមានប្រវែង២៥០ម៉ែត្រ ដែលក្នុងនោះមាន៖ ដងស្ទឹងក្នុងនោះមាន គ្រប់ដណ្តប់លើសួនតេជោសន្តិភាព ,ការ៉ូឡាមាត៣០គុណ៦០ ,បង្គោលភ្លើង,ដើមឈើ១ប្រឡោះ៨ដើម,ស្មៅ,ដើមក្ងោក,រីហ្ការ,ចំណតឡាន ម៉ូតូ,ផ្លូវកង់និងផ្លូវបេតុងជាដើម  ។

រដ្ឋបាលខេត្តបន្ទាយមានជ័យអនុវត្តគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ស្ទឹងសិរីសោភ័ណនេះបន្តដើម្បីកែលម្អសោភ័ណភាពក្រុង ក៏ដូចជាអោយពលរដ្ឋមានកន្លែងបន្ថែមសម្រាប់ដើរលេងកម្សាន្ត កន្លែងហាត់ប្រាណលើកកម្ពស់សុខភាពនិងគុណវុឌ្ឍន៍នៃជីវិត ៕