2024-10-31 15:57
43

 នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤នេះ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហា ផ្ទៃបានចេញនូវលិខិតបំភ្លឺមួយច្បាប់ ពាក់ព័ន្ធទៅនិងករណីអ្នកទោសជនជាតិវៀត             ណាមម្នាក់ ដែលជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង បានរត់គេចចេញពីពន្ធនាគារកាលពីវេលាម៉ោង ១៦:៤០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ថា ទាក់ទិននឹងករណីខាងលើ នេះ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់តាំងក្រុមការងារជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង។
លិខិតបំភ្លឺដដែលនេះបានបញ្ជាក់ឲ្យដឹងទៀតថាអគ្គនាយកដ្ឋានពន្ធនាគារ បានពិនិត្យឃើញថា ខ្លឹមសារមួយចំនួនដែលបានចុះផ្សាយលើបណ្តាញសារព័ត៌មានមិនបានឆ្លុះបញ្ចាំងនូវការពិតទាំងស្រុង អំពីហេតុការណ៍ជាក់ស្តែងក្នុងអំឡុងពេលកើតហេតុនោះឡើយ។ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសំណាក់សាធារណៈជន និងមជ្ឈដ្ឋានទូទៅ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺដូចខាងក្រោម៖ ១- អគ្គនាយកដ្ឋានពន្ធនាគារ ទទួលស្គាល់ថា ពិតជាមានហេតុការណ៍ជនជាប់ឃុំជនជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀង តុងហ្នឹង (NGUYEN TRONG NGUYEN) ភេទប្រុស បានរត់គេចចេញពីពន្ធនាគារខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ពិតប្រាកដមែន។ ២- ការរត់គេចខ្លួនរបស់ជនជាប់ឃុំជនជាតិវៀតណាមខាងលើ មិនមែនជាសកម្មភាពចូលរំដោះ អ្នកទោសចេញពីក្នុងពន្ធនាគារ ឬសកម្មភាពប្រដាប់អាវុធរំដោះអ្នកទោសនោះទេ។

៣- ជនជាប់ឃុំជនជាតិវៀតណាម ឈ្មោះ ង្វៀង តុងហ្នឹង(NGUYEN TRONG NGUYEN) បានធ្វើសកម្មភាពរត់គេចខ្លួនក្នុងអំឡុងពេលទទួលបានការអនុញ្ញាតឱ្យជួបក្រុមគ្រួសារពេលមកសួរសុខទុក្ខ ហើយឆ្លៀតពេលដែលមន្ត្រីយាមកាមមានការធ្វេសប្រហែសមិនបានចាក់សោរសុវត្ថិភាព ជនជាប់ឃុំរូបនេះក៏រត់ចេញពីបន្ទប់សំដៅទៅគូកនដែលបានរង់ចាំជាស្រេច និងបានយកអាវុធខ្លីពីគូកន តម្រង់គំរាមទៅមន្ត្រីដែលដេញតាមពីក្រោយ រួចហើយឡើងជិះម៉ូតូដែលត្រៀមរង់ចាំនៅរបងកំផែងខាងក្រៅជិះគេចខ្លួនបាត់ទៅ។

តាមរយៈការបំភ្លឺនេះ សង្ឃឹមជឿជាក់ថា សាធារណៈជនគ្រប់មជ្ឈដ្ឋាន បានជ្រាបច្បាស់នូវការពិតទាក់ទិននឹងហេតុការណ៍ខាងលើនេះ ។ ជាមួយគ្នានេះក៏សូមអំពាវនាវដល់អ្នកសារព័ត៌មាន ធ្វើការផ្សព្វផ្សាយដោយផ្អែកលើមូលដ្ឋាន ប្រភពច្បាស់លាស់ និងដោយសុភវិនិច្ឆ័យ ចៀសវាងការធ្វើអត្ថាធិប្បាយខុសពីការពិតនាំឱ្យមានការភ័ន្តច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាព។

អគ្គនាយកដ្ឋានពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងតាមស្វែងរកចាប់ជនជាប់ឃុំ ឈ្មោះ ង្វៀង តុងហ្នឹង(NGUYEN TRONG NGUYEN)មកវិញ រួមទាំងគូកន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។