2024-09-23 11:01
139

សៀមរាម៖ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ «សមរាត្រី» ដែលជាអភូតហេតុព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គ​រវត្ត ដែលកើតមានរយៈពេល២ដង/ឆ្នាំ សម្រាប់លើកទី២ ក្នុងឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជាង ៤ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិអស្សរា ដែលបានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។

អាជ្ញាធរជាតិអស្សរា បានឱ្យដឹងថា៖ ទេសចរយ៉ាងច្រើនកុះករបានស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានរួតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិ​ដ្ឋភាពដ៏អស្ចារ្យ គឺព្រអាទិត្យចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផង។

ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប បានថេរដីកាថា៖ «នេះទើបតែជាលើកទីពីរប៉ុណ្ណោះដែលព្រះអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ»

ស្ត្រីវ័យចំណាស់ឈ្មោះ ម៉ម វាត់ អាយុ ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បានឱ្យដឹងថា៖ «នេះជាលើកទី៥ហើយ ដែលគាត់បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិមិត្តមកទស្សនាថែមទៀត»។ ស្ត្រីរូបនេះបានបន្តទៀតថា៖ «បើទោះបីឃើញថាអាកាសធាតុមិនអំណោយផលល្អ តែគាត់នៅតែចង់មកទស្សនាប្រាសាទអង្គរវត្ត ព្រោះតែកោតសសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទបុរាណជាច្រើនលើទឹកដីនៃខេត្តសៀមរាប»

តាមរបាយការណ៍របស់អាជ្ញាធរជាតិអស្សរា បានបញ្ជាក់ថា៖ «ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ៤ម៉ឺននាក់ បានចូលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត»