2024-09-24 10:49
139

ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកអង់គ្លេស ០១ គ្រឿង បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ។

លោកវរនាវីឯក មាន សាវឿន នាយសេនាធិការរងមូលដ្ឋានសមុទ្ររាម បានដឹកនាំប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជា បានដឹកនាំនាយនាវី ចំនួន ៤២ រូប អញ្ជើញទៅទទួលស្វាគមន៍ដោយភាពកក់ក្តៅបំផុត ចំពោះកងនាវាកងទ័ពជើងទឹកអង់គ្លេស ដែលមានឈ្មោះ HMS SPEY (P234) ដឹកនាំដោយលោកវរនាវីទោ ប៉ូល ខេដឌី (Cdr Paul Caddy) មេបញ្ជាការនាវា និងកងនាវិក ចំនួន ៦៣ រូបទៀត។ 

ការចូលចតរបស់នាវាកងទ័ពជើងទឹកអង់គ្លេស នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងការទូតប្រទេសទាំងពីរ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ឱ្យកាន់តែល្អប្រសើរឡើង ។

លោកវរនាវីឯក មាន សាវឿន បានបញ្ជាក់ថា៖ នាវា HMS SPEY របស់កងទ័ពជើងទឹកអង់គ្លេសនេះ មានបណ្តោយជាង ៩០ម៉ែត្រ ទទឹងជាង ១៣ម៉ែត្រ កម្ពស់ជាង ៣០ម៉ែត្រ ជម្រៅទឹកជាង ៤ម៉ែត្រ។ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេសនាពេលនេះ គណៈប្រតិភូបានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងជួបសំដែងការគួរសមជាមួយ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការហ្វឹកហាត់រួមគ្នា រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកប្រទេសអង់គ្លេស មានកម្មវិធីសប្បុរសធម៌ វប្បធម៌ ការប្រកួតកីឡារួមគ្នា និងដំណើរទស្សនាការអភិវឌ្ឍរបស់ខេត្ត ក៏ដូចជាតំបន់ទេសចរណ៍នានាក្នុងក្រុងព្រះសីហនុ។ល៕