2024-09-29 12:33
95

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមបុណ្យសព ឯកឧត្តម សោម ចិន្តា នៅវត្តឧត្តមពោធិ៍ព្រឹក្ស ហៅវត្តស្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់ ឯកឧត្តម សោម ចិន្តា ជាប្រធានមន្ទីរទេសចរណ៍ខេត្តកែប កាលពីថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តម សោម ចិន្តា ជាប្រធានមន្ទីរទេសចរណ៍ខេត្តកែបនេះគឺជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវកូនប្រុស ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ហើយក៏ដូចជាការបាត់បង់នូវថ្នាក់ដឹកនាំមន្ត្រីរាជការដែល ពោរពេញទៅដោយសមត្ថភាព និងចំណេះដឹងមួយរូប ដោយក្នុងមួយជីវិតរបស់ឯកឧត្តមបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ដើម្បីរួមចំណែកបម្រើជាតិមាតុភូមិ ជាពិសេសក្នុងការដឹកនាំ និងសម្របសម្រួល លើការងារវិស័យទេសចរណ៍នៅទូទាំងខេត្តកែប រហូតសម្រេចបាននូវស្នាដៃជាច្រើននាពេលកន្លងមក។ 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សោម ចិន្តា សូមឆាប់បានទៅចាប់កំណើត និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។(សឹង រ៉ាត់)