2024-02-15 16:44
280

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអ្នកច្បាប់បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការរៀបចំគោលនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា» ជូនតំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ប្រមាណ ២៥០នាក់។

នេះជាវគ្គបណ្តុះបណ្តាលទី១ នៅក្នុងអាណត្តិថ្មី ដែលក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ។

អញ្ជើញបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបង្ហាញក្តីរីករាយចំពោះការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ ឯកឧត្តម ឆែម គាតរិទ្ធី បានគូសរំលេចថា ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានយកចិត្តទុកដាក់ និងផ្តោតអាទិភាពការងារបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការរៀបចំផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំច្បាស់លាស់ ទាំងការបណ្ដុះបណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេសតាមរយៈកម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លី ឬអញ្ជើញវាគ្មិនពីក្រៅប្រទេសមកបណ្ដុះបណ្ដាលផ្ទាល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងឱ្យកាន់តែទូលំទូលាយសំដៅបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលជាវាគ្មិនកិត្តិយសដ៏មានសក្តានុពល ពោរពេញដោយសមត្ថភាព និងបទពិសោធន៍ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់វគ្គបណ្តុះបណ្តាលនេះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើថ្នាក់ដឹកនាំនិងទីប្រឹក្សា ដែលមានចំណេះដឹងខ្ពង់ខ្ពស់មេត្តាចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ក្នុងវគ្គបណ្តុះបណ្តាលដែលនឹងរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រីនាពេលខាងមុខបន្តបន្ទាប់ទៀត៕