2024-07-06 22:34
265

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅស្នងការដ្ឋានភស្តុភាកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ នៃ ភក្តី ស្នងការ នៃស្នងការដា្ឋនភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍-ពិការ ចំណុះស្នងការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៤) ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ នៃ ភក្តី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា លោកតែងតែយកចិត្តទុកដាក់ចំពោះយោធិន នៃកងរាជអាវុធហត្ថ ដែលបានចូលនិវត្តន៍-ពិការ និងយោធិនដែលជួបការលំបាក ដោយបានណែនាំដល់គ្រប់មេបញ្ជាការ អង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យរៀបចំជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថដែលបានចូលនិវត្តន៍-ពិការ និងជួបការលំបាកជារៀងរាល់ឆ្នាំ ដោយមិនបោះបង់បងប្អូនចោលទោះក្នុងកាលៈទេសៈណាកដោយ។

លោកឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះនាយ នាយរងអាវុធហត្ថទាំងអស់ ជាពិសេសអាវុធហត្ថដែលបានចូលនិវត្តន៍-ពិការ លោកទាំងអស់គ្នាបានបំពេញការងារជូនជាតិមាតុភូមិ ក្នុងរយៈពេលកន្លងមកនេះ នឹងបានអនុវត្តច្បាប់ លក្ខន្តិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ អ្វីដែលអស់លោកបានបំពេញការងារនាពេលកន្លងមកដោយមិនមានកំហុងឆ្គង ក្នុងនាមជាស្នងការ សូមថ្លែងអំណរគុណចំពោះការចូលរួមចំណែកតាមរយៈការអនុវត្តតួនាទី ភារកិច្ចជូនអង្គភាពក្លាយជាអង្គភាពមួយ កម្លាំងមួយ ដែលទទួលបាននូវការជឿទុកចិត្តការស្រឡាញ់រាប់អានពីប្រជាជន ហើយក៏បានក្លាយជាអង្គភាពមួយ កម្លាំងមួយ ដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកការពារសន្តិភាព រក្សាសន្តិសុខ និងសណ្ដាប់ឆ្នាប់សង្គមផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ នៃ ភក្តី ឧបត្ថម្ភដល់យោធិនចូលនិវត្តន៍-ពិការ ចំនួន ១០នាក់ ក្នុងម្នាក់ទទួលបានមីជាតិមួយកេសតូច ត្រីខ ២០កំប៉ុង អង្ករមួយបេតូច និងថវិកា ៣០០,០០០ (បីសែនរៀល) ផងដែរ៕