ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ កម្ពុជា នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
«គម្រោងព្រែកជីកហ្វូណនតេជោ» នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងព្រែកជីកនេះ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្ត ចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតី៕