2024-06-05 15:22
220

បន្ទាយមានជ័យ៖ ស្រ្តីមានផ្ទៃពោះ និងក្រុមគ្រូពេទ្យឆ្មប ប្រហែល ២០០នាក់ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃទិវាឆ្មប ៥ ឧសភា ក្រោមប្រធានបទ «ពង្រឹងជំនាញជិជ្ជាជីវៈ ឆ្មបដើម្បីលើកកំពស់សេវាថែទាំព្យាបាលសុខភាព មាតា ទារក និងយុវវ័យ បរិបទការប្រែប្រួលអាកាសធាតុ»។

ពិធីនេះរៀបចំធ្វើឡើងនៅក្នុងសាលាគរុកោសល្យខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាគណៈកម្មាធិការសាខាខេត្តបន្ទាយមានជ័យ អបដំណើរដោយលោកអភិបាលក្រុងសិរីសោភ័ណ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។

លោក ឡេ ច័ន្ទសង្វាត សមាជិកគណៈកម្មាធិការសាខាកាបាទក្រហមខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ ថ្ងៃនេះស្រ្តីមានផ្ទៃពោះជាង ១០០នាក់ និងបុគ្គលិកពេទ្យឆ្មបប្រហែល ១០០នាក់ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃទិវាឆ្មប ៥ ឧសភា ទិវាឆ្មបនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យប្រារព្ធទិវានេះរៀងរាល់ ថ្ងៃទី០៥ ខែឧសភា ជារៀងរាល់ឆ្នាំស្របតាមទិវាឆ្មបអន្តរជាតិ ដោយអនុក្រឹត្យលេខ ២៤០ អនក្រ បក ចុះហត្ថលេខាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០០៨ ក្នុងគោលបំណង ដើម្បីរំលឹកគុណឆ្មបដែលបានបង្កើត ទារកនិង ថែទាំសុខភាព មាតាទារក, បញ្ជាក់ឆ្មបជាភ្នាក់ងារដ៏សំខាន់នៃសេវាសុខភាព, ពង្រឹង ពង្រីកបណ្ដាញឆ្មប និងសមត្ថភាពឆ្មបដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធឆ្មបអន្តរជាតិ, បង្កើនទំនាក់ទំនងរវាងមន្ត្រីក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ដែលមានទិសដៅដូចគ្នាក្នុងការថែទាំសុខភាពមាតា និងទារក, បង្ហាញពីសារៈសំខាន់នៃវិជ្ជាជីវៈឆ្មប។

លោក ឡេ ច័ន្ទ សង្វាត បានមានប្រសាសន៍បន្តទៀតថា៖ យោងតាមទិន្នន័យពេទ្យឆ្មប នៅក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៣ និងឆ្នាំ២០២៤សរុបមាន ចំនួន ៥៥២រូប។ ការងាររបស់ឆ្មបមានគោលបំណងតែមួយគត់ គឺផ្តល់សេវាថែទាំផ្នែកសម្ភពជូនដល់ស្ត្រី មាតា កុមារ និងទារក ជាសាធារណៈឲ្យបានល្អបំផុត ឆ្លងតាមយន្តការនៃការចុះបញ្ជីការ ផ្តល់អាជ្ញាប័ណ្ណ និងបន្តអាជ្ញាប័ណ្ណ ប្រកបវិជ្ជាជីវៈដល់ឆ្មបដែលចេញដោយគណៈវិជ្ជាជីវៈ ដូច្នេះឆ្មបទាំងអស់តម្រូវឲ្យមានអាជ្ញាប័ណ្ណដែលមានសុពលភាព ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការផ្ដល់សេវាថែរក្សាថែទាំ និងព្យាបាលជូនដល់សាធារណជន។

លោកបានបន្ថែមទៀតថា៖ ពេទ្យឆ្មបបានដើរតួនាទីសំខាន់ក្នុងការរៀបចំ និងដាក់ឲ្យអនុវត្តនៅសេចក្តីសម្រេចប្រកាសបទបញ្ញត្តិ និងច្បាប់នានាដែលពាក់ព័ន្ធ និងការងារឆ្មបដែលកំពុងប្រកបវិជ្ជាជីវៈទាំងអស់នៅក្នុងប្រទេសកម្ពុជា ទាំងច្បាប់ជនជាតិខ្មែរ និងបរទេសទាំងសេវាសាធារណៈឯកជន អង្គការក្រៅរដ្ឋាភិបាល តាមរយៈព្រះរាជក្រឹត្យស្ដីពី ការបង្កើតគណៈឆ្មបកម្ពុជា ដើម្បីធានាថាឆ្មបត្រូវមានជំនាញគ្រប់គ្រាន់ និងការផ្តល់សេវាដែលមានគុណភាពជូនដល់ស្ត្រី មាតា កុមារ និងទារក។

លោក អ៊ុំ រាត្រី បានអានសារសិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា ដែលទិវាឆ្មប ៥ ឧសភា ប្រព្រឹត្តឡើងក្រោមប្រធានបទ «ពង្រឹងជំនាញជិជ្ជាជីវៈឆ្មបដើម្បីលើកកំពស់សេវាថែទាំព្យាបាលសុខភាព មាតា ទារក និងយុវវ័យ បរិបទការប្រែប្រួលអាកាសធាតុ» ពិតជាបានឆ្លុះបញ្ជាំងឲ្យឃើញពីសេចក្តីត្រូវការចាំបាច់ក្នុងការពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បើលើកកំពស់សុខភាពកុមារ ទារក និងយុវវ័យ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាព។ ឆ្មបតាមបទពិសោធន៍ជាច្រើននៅជំវិញពិភពលោករួមទាំងនៅកម្ពុជាផងនោះ បានបញ្ហាញឲ្យឃើញថាជាប្រទេសដែលបានយកចិត្តទុកដាក់ក្នុងការវិនិយោគលើជំនាញឆ្មបហើយប្រទេសនោះតែងតែទទួលបានមកវិញនូវសុខសុវត្តិភាពព្រមទាំង សុខុមាលភាពដល់ស្ត្រី មាតា ទារក និយុវវ័យ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា៖ «ឆ្មបជំនាញទាំងអស់ និងទទួលបានការពង្រឹងបំប៉នជំនាញបន្ថែម ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាជូនស្ត្រី មាតា ទារក កុមារយុវវ័យ លើកកំពស់សុខភាព សុខុមាលភាព ល្អប្រពៃ ដើម្បីជួយឲ្យកម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពតាមការកំណត់នៅឆ្នាំ២០៣០»៕