2024-11-21 14:06
47

ភ្នំពេញ៖ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពស់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “ស្តីពីការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាង និងការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដែលប្រព្រឹត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមមកពីស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណង ដើម្បីកសាងសមត្ថភាព ធនធានមនុស្សក្នុងការបង្កើនចំណេះដឹង និងបច្ចេកទេសទាក់ទងទៅនឹងការស៊ើបអង្កេតការប្រឆាំងសម្អាតប្រាក់ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ 

សូមជម្រាបថា នេះជាលើកទី៣ នៃវគ្គបណ្តុះបណ្តាល ដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លោកស្រី សុង ឆវ័ន្ត អនុរដ្ឋលេខាធិការក្រសួង  លោកស្រី សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ មានប្រធានបទសំខាន់ៗ ចំនួន ៥ ដែលធ្វើបទបង្ហាញដោយវាគ្មិនពីតំណាងក្រសួងយុត្តិធម៌ ចៅក្រម តំណាងអយ្យការ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលមានជំនាញពាក់ព័ន្ធនឹងកិច្ចការងារសម្អាតប្រាក់នៅកម្ពុជាផងដែរ៕