2023-06-05 12:06
562

ភ្នំពេញ៖    នារីជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ មានវិបត្តិផ្លុវចិត្តធ្ងន់ធ្ងរ មុនពេលធ្វើអត្តឃាតបញ្ចប់ជីវិត ដោយការបាញ់សម្លាប់ខ្លួននៅក្នុងផ្ទះ បានសរសេរនូវបណ្តាំប៉ុន្មានម៉ាត់យ៉ាងដូច្នេះថា «កូនសូមទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ……..!»។ 

សេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ហេតុការណ៍បង្កភាពភ្ញាក់ផ្អើល មនាករណីនារីជាមន្ត្រីនគរបាលវ័យក្មេង បាញ់សម្លាប់ខ្លួនខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៦ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ ត្រង់ចំណុច ផ្ទះវីឡាដ៏ស្តឹមស្តៃមួយកន្លែង ស្ថិតតាមបណ្តោយ ផ្លូវបេតុង ក្នុងភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ បានឱ្យដឹងទៀតថា នារីរងគ្រោះដែលបានបាញ់សម្លាប់ខ្លួន មានឈ្មោះ វី ស្រីរ៉ែន ហៅអាខួច ជាមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ៣ នៃអធិការដ្ឋានខណ្ឌទួកគោក អត្តលេខ ៩១៣៧៨ ឋានន្តរស័ក្តិព្រឹទ្ធបាលទោ មានទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ បានបញ្ចប់ជីវិតរបស់ខ្លួនដោយការបាញ់សម្លាប់ខ្លួនឯង។ 

មុននឹងធ្វើអត្តឃាតបាញ់សម្លាប់ខ្លួន នារីជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូ៣ បានសរសេរបណ្តាំចុងក្រោយនៅលើក្រដាសឡាំងសន្សល់ទុកឱ្យឪពុកម្តាយ និងក្រុមគ្រួសារទាំងក្តុកក្តួល រៀបរាប់នូវរឿងរ៉ាវមិនគួរជួបប្រទះខ្លះៗ។

ក្នុងពាក្យបណ្តាំរបស់នារីរងគ្រោះ បានសរសេរថា «កូនសូមទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះកូនខ្ចីពីបង អូនគេមិនជាប់ពាក់ព័ន្ធទេ យកកាំភ្លើងឲ្យគាត់វិញផង។ កូនសូមទោសហើយ មិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឲ្យអស់លុយ កូនលាហើយប៉ាម៉ាក់ជាមនុស្សល្អ លាប្អូនទាំង ៤នាក់ កុង ចៅសូមទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង »

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការខណ្ឌសែនសុខ គ្រូពេទ្យផ្នែកកោសល្យវិច្ឆ័យ និងតំណាងអយ្យការអមសាលាដំបូងរាជធារនីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យសព ប្រវត្ថុតាង និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ ដើម្បីកំណត់ឱ្យបានច្បាស់លាស់អំពីករណីនេះផងដែរ៕