2024-01-29 12:01
58

សូមជម្រាបជូនថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កន្លងមក មានករណីស្ត្រីម្នាក់ មានស្នាមរបួសត្រង់កហូរឈាមស្រោចពេញខ្លួន បានដើរតាមផ្លូវបុរីកម្មករ ម្តុំជិតផ្សារពាណិជ្ជកម្មក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

ភ្លាមនោះសមត្ថកិច្ច បានហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែត្រូវបានស្ត្រីរងគ្រោះប្រកែកមិនព្រមទៅ រហូតសមត្ថកិច្ច ធ្វើការសម្របសម្រួលជាងកន្លះម៉ោងទើបស្ត្រីនោះព្រមឡើងរថយន្តសង្គ្រោះ។

ករណីនេះ បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច គឺស្ត្រីរូបនេះ គាត់ស្នាក់នៅជាមួយប្តីគាត់ និងកូន(កូនគាត់ប្តីគាត់) នៅផ្ទះជួលម្តុំផ្ទះសូវៀត សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ដោយសារតែស្ត្រីរូបនេះ គាត់មានបញ្ហាសរសៃប្រសាទ ទើបប្តីរបស់គាត់យកកូនគាត់ ទៅនៅផ្ទះវិញ នៅឯស្រុកព្រៃនប់។ បើតាមការបញ្ជាក់បន្ថែមរបស់សមត្ថកិច្ច កន្លងមកគ្រួសារនេះមិនដែលមានបញ្ហាទំនាស់ជាមួយគ្នានោះទេ ប៉ុន្តែដោយសារការបែកគ្នា និងគួបផ្សំនឹងគាត់មានបញ្ហាសរសៃប្រសាទផងនោះ ទើបគាត់សម្រេចចិត្តចាក់ខ្លួនឯងបែបនេះ។ បន្ទាប់ពីកើតហេតុ ស្ត្រីរូបនេះ ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត និងបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដោយមានឪពុករបស់គាត់ នៅភ្នំពេញចាំទទួលគាត់។ ឪពុករបស់គាត់ ក៏បានទាក់ទងទៅប្តីរបស់គាត់ ដើម្បីឱ្យប្តីរបស់គាត់មកមើលគាត់ដែរ ប៉ុន្តែប្តីគាត់ប្រាប់ថា ដោយសារខ្លួនបានមកដល់ផ្ទះហើយ ណាមួយផ្ទះនៅឆ្ងាយ មិនមានលទ្ធភាពមកមើលគាត់ទេ។ បច្ចុប្បន្នស្ត្រីរូបនេះ ស្ថិតក្រោមការមើលថែពីឪពុករបស់គាត់។